ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេសរបស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញពិនិត្យគម្រោងអភិវឌ្ឍន៍អាងទឹករក្សា មានទីតាំងស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលទំនប់ខាងឆ្វេងស្ថិតនៅក្នុងឃុំពុទ្រា ស្រុកជ័យសែន និងទំនប់ខាងស្តាំស្ថិតនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ។
គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ត្រូវបានចាប់ផ្តើមសាងសង់កាលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយក្រុមហ៊ុន The Consortium of Guangdong Foreign Construction Co., Ltd. & Guangdong Yuantian Engineering Co., Ltd. ដែលរហូតមកដល់ពេលនេះសម្រេចការងារសាងសង់បានប្រមាណ៤១,៥ភាគរយហើយ។
លេីទំហំការងាររួមមាន៖
– សាងសង់ទំនប់បេតុង មានប្រវែង៥០ម៉ែត្រ ទទឹងខ្នងលើ ប្រាំពីរម៉ែត្រ កម្ពស់អតិបរិមា២៤,៥ម៉ែត្រ និងសាងសង់សំណង់ទ្វារទឹកសរុបចំនួនបីកន្លែង ដោយទ្វារទឹកនីមួយៗមានទំហំបួនម៉ែត្រគុណនឹងបួនម៉ែត្រ។
– ទំនប់ដីខាងឆ្វេង មានប្រវែង៩៩៨,៦ម៉ែត្រ ទទឹងខ្នងលើ ប្រាំពីរម៉ែត្រ កម្ពស់អតិបរិមា១១ម៉ែត្រ។
– ទំនប់ដីខាងស្តាំ មានប្រវែង១ ៦៥៦,៤ម៉ែត្រ ទទឹងខ្នងលើប្រាំពីរម៉ែត្រ កម្ពស់អតិបរិមា១១ម៉ែត្រ។
– ទំនប់ដីរង មានប្រវែងសំណង់សរុប៦៥៥ម៉ែត្រ ទទឹងខ្នងលើប្រាំពីរម៉ែត្រ កម្ពស់អតិបរិមាប្រាំពីរម៉ែត្រ។
– សំណង់បង្ហៀ មានប្រវែងសំណង់សរុប២៥១ម៉ែត្រ ទទឹងខ្នងលើប្រាំពីរម៉ែត្រ កម្ពស់អតិបរិមា២៤,៥ម៉ែត្រ មានទ្វារទឹកសរុបចំនួន២០កន្លែង ដោយទ្វារទឹកនីមួយៗមានទំហំ១០ម៉ែត្រគុណនឹង១៤,៥ម៉ែត្រ។
សូមបញ្ជាក់ជូនថា បន្ទាប់ពីការសាងសង់រួច ទំនប់អាងទឹករក្សា អាចស្តុកទឹកបានចំនួនប្រមាណ២៥៦,៩លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដីទំហំប្រមាណ១៤៣ ៣២៣ហិកតា នៅរដូវវស្សា និងប្រមាណ២២ ៨៧៨ហិកតា នៅរដូវប្រាំង ដែលទំនប់អាងទឹករក្សា មានទីតាំងនៅក្នុងខេត្តព្រះវិហារ តែលទ្ធភាពនៃការស្រោចស្រពភាគច្រើនស្ថិតនៅក្នុងខេត្តកំពង់ធំ។
ទន្ទឹមនឹងនេះដែរ ទំនប់អាងទឹករក្សាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយនូវគ្រោះទឹកជំនន់ និងការផ្គត់ផ្គង់ទឹកស្អាត តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម ព្រមទាំងបម្រើដល់វិស័យទេសចរណ៍ផងដែរ។
ក្នុងឱកាសអញ្ជេីញពិនិត្យជាក់ស្តែងនេះ លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារ ដែលសម្រេចតាមផែនការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងល្អប្រសើររវាងក្រុមការងារអនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានណែនាំបន្ថែមលើការងារ ដែលត្រូវអនុវត្តបន្ត ដើម្បីធានាគុណភាពសំណង់មានភាពរឹងមាំយូរអង្វែង សម្រាប់បម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
គម្រោងអភិវឌ្ឍន៍អាងទឹករក្សារនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែលកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយបាននូវភាពក្រីក្រ និងបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូលសន្តិភាព៕