ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឹម គានហោ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តភាគពាយ័ព្យ

បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាប្រធានមុខព្រួញ ក្រុមការងារបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងតំបន់នេះ។

នៅតាមតំបន់ទំនាបខ្លះបានលិចលង់ និងតំបន់ខ្លះកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារបានទទួលបរិមាណទឹកភ្លៀងធ្លាក់យ៉ាងច្រើនលើសលប់ រួមផ្សំជាមួយនឹងលំហូរទឹកពីផ្នែកខាងលើប្រទេសថៃបន្ថែម ហើយបច្ចុប្បន្ននេះ កម្ពុជាបាន និងកំពុងស្ថិតនៅជ្រលងវិសម្ពាធទាប នឹងអាចមានភ្លៀងធ្លាក់បន្តទៀតហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ 

ក្នុងដំណើរបេសកកម្មចុះពិនិត្យ និងអន្តរាគមន៍ដោះស្រាយជំនន់ទឹកភ្លៀងតាមបណ្តាខេត្តនៅតំបន់ពាយ័ព្យនេះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងបានចាត់បញ្ជាតាមដានជាប់ជាប្រចាំ ដោយបើករាល់បណ្តាទ្វារទឹកផ្នែកខាងលើ សម្រាប់សម្រួលចរន្តទឹកហូរចុះទៅក្នុងបឹងទន្លេសាប ដើម្បីបញ្ជៀស និងបន្ថយការលិចលង់ តាំងពីបីថ្ងៃមុនរួចស្រេច។

ជាក់ស្តែងនៅវេលាម៉ោង០៦ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោករដ្ឋមន្រ្តី ក៏បានបញ្ជាផ្ទាល់ឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ប្រើគ្រឿងចក្រកាត់តួរទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ដោយផ្តាច់ទំនប់ប្រវែង២០ ម៉ែត្រ ដើម្បីកាត់បន្ថយបិរមាណទឹកហូរខ្លាំង កុំឲ្យប៉ះពាល់ និងលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្បែរទំនប់នោះ។

ជាពិសេស ចំពោះការចុះតាមដានស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកនេះ លោក លឹម គានហោ និងក្រុមការងារ រួមជាមួយលោកទេសរដ្ឋមន្រ្តី សេរី កុសល បានពិនិត្យផ្ទាល់នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក  ដែលមានបរិមាណទឹកយ៉ាងច្រើនក្នុងអាងប្រមាណ១៦០លានម៉ែត្រគូប ខណៈកម្រិតរក្សាទឹកអតិបរមា១៨០លានម៉ែត្រគូប ដោយទទួលប្រភពទឹកមួយភាគធំពីច្រកគោករមៀត (អូរកំបុត) និងមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ នាពេលកន្លងមក ពេលនេះក្រុមការងារក្រសួងកំពុងបន្តបើកទ្វារទឹកទាំងអស់ ដើម្បីរំដោះទឹកឲ្យហូរចុះទៅបឹងទន្លេសាប តាមប្រឡាយមេធំៗចំនួនបីខ្សែ។

ចំពោះស្ថានភាពប្រឈមជំនន់ទឹកភ្លៀង នាពេលបច្ចុប្បន្ននេះ លោករដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងជាប្រធានមុខព្រួញ និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម តាមបណ្តាខេត្តពាយ័ព្យ បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត និងកំពុងអន្តរាគមន៍យ៉ាងសស្រាក់សស្រាំ ថែមទាំងបានចល័តគ្រឿងចក្រធុនធ្ងន់ មធ្យោបាយ និងសម្ភារ:ផ្សេងៗទៀត មកដល់គោលដៅជាច្រើនថ្ងៃហើយ ដើម្បីការពារ និងកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរមាដល់លំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងផ្ទៃដីដាំដុះរបស់ប្រជាពលរដ្ឋ ជាមួយគ្នានេះដែរ ក៏បានត្រៀមលក្ខណ:ជាមុន ចំពោះការទប់រក្សាទឹកទុកក្នុងអាងពេលទឹកជំនន់ចាប់ផ្តើមស្រកទៅវិញ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងការងារបង្កបង្កើនផលនាពេលខាងមុខ៕