ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លន់ ណុន ជាប្អូន លន់ នល់ ប្រមូលពួកបញ្ញវន្តប្រឆាំងសម្ដេចនរោត្តមសីហនុ តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ

ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន
លន់ ណុន ជាសិស្សនាយទាហានជំនាន់ទី១៣ ។ ក្រោយបញ្ចប់កម្មសិក្សានៅសាលានាយទាហាន ភ្លាម គាត់បានទទួលឋានន្តរ ស័កិ្ត ជាអនុសេនីយ៍ទោ (ស័កិ្ត២) ខណៈមិត្តរួមជំនាន់ទី១ ៣ ជាមួ យគាត់ទាំងអស់ ទទួលបានឋានន្តរស័កិ្ត ត្រឹមតែនាយចំណង់ ប៉ុណ្ណោះ ។

ក្រោយមក គាត់បានក្លាយជានាយកងរាជអាវុធហត្ថ រហូតដល់មានព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៧០ ។ដោយសារអំណាចរបស់ បងប្រុសគាត់ ជាឧត្តមសេនីយ៍ឯក និងជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៦៧ មក លន់ ណុន បើទោះបីមិនមានបុណ្យស័កិ្តអ្វីធំដុំប៉ុន្មានក៏ពិតមែន តែគាត់បានក្លាយទៅជាមនុស្សដ៏មានឥទ្ធិពលម្នាក់។

គាត់បានប្រមែប្រមូលនិស្សិតបញ្ញវន្តដែលមានគំនិតប្រឆាំងនឹង របបរាជានិយម មកធ្វើជាកម្លាំងរបស់គាត់តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ ។ គាត់បានបើកអង្គប្រជុំសម្ងាត់តូចៗ ដែលមានគ្នាយ៉ាងច្រើនបួនដប់នាក់ប៉ុណ្ណោះ នៅក្នុងផ្ទះសម្រាប់លំហែកាយចុងសប្តាហ៍របស់គាត់មួយកន្លែង នៅក្បែរវត្តក្រពើហា ត្រង់មាត់ស្ទឹងកំពង់កន្ទួត ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណ២ ០គីឡូម៉ែ ត្រ ពីរាជធានីភ្នំពេញ។
រាល់ពេលប្រជុំសម្ងាត់នោះម្ដងៗ គាត់ និងអ្នកចូលរួម បានលើក យកគំនិតស្នេហាជាតិ ស្នេហាទឹកដី បញ្ហាប្រទេសជាតិ បញ្ហា វៀតកុង-វៀតណាមខាងជើង ដែលមកបោះទីតាំងលើទឹកដីខ្មែរ បញ្ហាប្រើអំណាចផ្ដាច់ការ និងអំពើពុករលួយរបស់សម្ដេច សីហនុ ដោយមានអ្នកម្នាងម៉ូនិក ជាអ្នកទាញខ្សែញាក់ មកពិភាក្សាគ្នាផងដែរ។
ជាមួយគ្នានេះ លន់ ណុល ក៏មានមិត្តភក្កិជិតស្និទ្ធមួយចំនួន ដូចជា ឈឹម ឈួន , លឿង វ៉ែន និងថោង លឹមហួង ជាដើម។
ចំណែក បញ្ញវន្តដែលគាត់បានឲ្យសហការីជិតស្និទ្ធគាត់ម្នាក់ឈ្មោះហួត ហៀម ទៅទាក់ទង ដើម្បីចូលរួមក្នុងក្រុមរបស់គាត់ដែរនោះ រួមមាន៖ ម៉ាន់ តេងសុង, វ៉ាន់ ឌីកាអុន និងរស់ ចន្ត្រាបុត្រ ជាដើម។

បញ្ញវន្តទាំង៣នាក់នេះ ក៏ធ្លាប់បានទៅចូលរួមប្រជុំនៅក្នុងផ្ទះសម្រាប់លំហែកាយចុងសប្តាហ៍របស់លន់ ណុល ដែលនៅក្បែរវត្តក្រពើហា នោះដែរ ។
ប្រភពព័ត៌មានមួយបានបង្ហើបឲ្យដឹងថា មុនរដ្ឋប្រហារថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ លន់ ណុន បានចាត់តាំងឱ្យមន្ត្រីរាជអាវុធហត្ថដែលនៅក្រោមបញ្ជាគាត់ពីរនាក់ ជាអ្នករត់ការចុះឡើងពីភ្នំពេញ ទៅខេត្តស្វាយរៀង ដើម្បីលួចទាក់ទងសម្ងាត់ជាមួយចលនាតស៊ូខ្មែរសេរី របស់សឺង ង៉ុកថាញ់ ដែលស្ថិតនៅក្នុងទឹកដីវៀតណាមខាងត្បូង។

ជាមួយគ្នានេះគាត់បានជួយឧបត្ថម្ភដល់កាសែតប្រយោជន៍ខ្មែរ ដែលមានលឿង វ៉ែន ជាចាងហ្វាង និងកាសែតសុវណ្ណភូមិ ដែលមាន ឃួន ថៃ ជានិពន្ធនាយក ផងដែរ។
ជាការកត់សម្គាល់ ក្រោយពេលលន់ នល់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលស្រោចស្រង់ជាតិ ក្នុងឆ្នាំ១៩៦៩នោះមក កាសែតប្រយោជន៍ខ្មែរ របស់លឿង វ៉ែន ក៏បានចាប់ផ្ដើមសរសេ ររិះគន់ខ្លាំងៗចំពោះរបបសង្គមរាស្ត្រនិយមរបស់សម្ដេចសីហនុ ។

ហើយកាសែតនគរធំ ដែលមានសុទ្ធ ប៉ូលីន ជាចាងហ្វាង និងជាមិត្តភក្កិរបស់លន់ ណុន ដែរនោះ បានចាប់ផ្ដើមសរសេររិះគន់ដៀមដាមទៅលើសម្ដេចសីហនុ ដូចកាសែតប្រយោជន៍ខ្មែរ ដែរ។

ការសរសេររិះគន់វាយប្រហាររបស់កាសែតប្រយោជន៍ខ្មែរនោះ ធ្វើឱ្យសម្ដេចសីហនុ ខឹងសម្បាយ៉ាងខ្លាំង ហើយនៅក្នុងឱកាសសមាជជាតិ ចុងខែធ្នូ ឆ្នាំ១៩៦៩ លឿង វ៉ែន ជាចាងហ្វាងកាសែតប្រយោជន៍ខ្មែរ ត្រូវបានព្រះអង្គឲ្យចូលខ្លួនមកឆ្លើយបំភ្លឺនៅចំពោះមុខអង្គសមាជជាតិទាំងមូល និងឱ្យបង្ហាញភស្តុតាងជាក់ស្ដែងនូវអ្វីៗដែលគាត់បានសរសេររិះគន់ព្រះអង្គ ដូចដែលបានចុះផ្សាយនៅក្នុងកាសែតនោះ ផងដែរ។
ក្រោយពីសមាជជាតិត្រូវបានបញ្ចប់ លឿង វ៉ែន ត្រូវកម្លាំងសមត្ថកិច្ចចាប់យកទៅសួរចម្លើយ និងដាក់ពន្ធនាគារហើយកាសែតប្រយោជន៍ខ្មែរ ក៏ត្រូវបិទលេងឲ្យចេញផ្សាយដែរ។

ពេលនោះ លន់ ណុន ក៏បានឱ្យកាសែតផ្សេងៗទៀតសរសេរប្រឆាំ ងតវ៉ាចំពោះការចាប់ លឿង វ៉ែន យកទៅដាក់ពន្ធនាគារនោះផង និងសរសេរចំអកទៅសម្ដេចសីហនុ ផងដែរ៕ (សូមរង់ចាំអានភា គបន្ត)