ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ LSCG និង ក្រុមហ៊ុន Milky-Way Realty Investment PLC បានបោះទុនដំបូងរួមគ្នា ១លានដុល្លារ បង្កេីតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន ១០០០នាក់ តាមបច្ចេកវិទ្យាទំនេីបរបស់ប្រទេសចិន និងបច្ចេកវិទ្យារបស់ខ្មែរ ដេីម្បីឆ្លេីយតបទៅនឹងតំរូវការទីផ្សារអចលនទ្រព្យជាតិ និង អន្តរជាតិនាពេល បច្ចុប្បន្ន និង អនាគត ។
លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG បានមានប្រសាសន៍ថា ស្ថិតក្នុងតំណាក់កាលដែលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ហេីយបាននឹងកំពុងមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ វិស័យអចលនទ្រព្រក៏មានការរីកចំរេីន និងបានដើរតួនាទីយ៉ាងសកម្ម ដែលជាឆ្អឹងខ្នងសេច្ឋកិច្ចរបស់ជាតិដោយមិនអាចខ្វះបាន ទោះបីមានការរំខានខ្លះៗពីជំងឺរាតត្បាតកូវីត ១៩ ក៏ដោយ ។
លោកបន្ថែមទៀតថា ការសហការណ៍បោះទុនចាប់ផ្តេីមបង្កេីតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន ១០០០នាក់នេះ គឺជាចំណុចចាប់ផ្តេីមដំបូងដែលក្រុមហ៊ុនយេីងទាំងពីរបានគិតគួរតាំងពីជាង ២ឆ្នាំមុនកូវីតមកម្លេះ តែដោយសារតែស្ថាន ភាពនៃជំងឺ រាតត្បាតកូវីត ១៩ ចេះតែបន្តអូសបន្លាយបណ្តាលអោយក្រុមហ៊ុន យេីងទាំងពីរ ពន្យាពេលចាប់ផ្តេីមគំរោងមកទល់ពេលបច្ចុប្បន្ននេះ ។
ទន្ទឹមគ្នានោះដែរ លោក ប៉ាត់ ចំណាន ជា សហស្ថាបនិក ក្រុមហ៊ុនអចលនទ្រព្យ Milky-Way Realty Investment PLC បានបន្ថែមទៀតថា ដោយមើលឃើញឱកាសក្នុងការសហការណ៍រវាងក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យដូចគ្នា។ យើងបានផ្តោតទៅលើបច្ចេកវិទ្យាផ្សារភ្ជាប់ជាមួយអចលនទ្រព្យ ដោយយើងអាចបង្វឹកភ្នាក់ងារអចលនវត្ថុឲ្យមានជំនាញច្បាស់លាស់ ដើម្បីឆ្លើយតបចំពោះទីផ្សារបច្ចុប្បន្ន។
លោកបន្ថែមទៀតថា “ក្រុមហ៊ុនយើងបានសំរេចចិត្តវិនិយោគរួមគ្នាដោយច្របាច់ platform នៃក្រុមហ៊ុនទាំងពីរ និងបានបង្កេីតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដាចំនួន ១០០០ នាក់”។