ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

​សម្តេច​តេ​ជោ នៅតែ​បន្ត​ដោះស្រាយ​បញ្ហា​កម្មករ​កម្មការិនី

​ខេត្តពោធិ៍សាត់៖ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ពេលដែល​សម្តេច នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​​សម្តេច នៅតែ​បន្ត​ដោះស្រាយ ​បញ្ហា​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​។​

​សម្តេច​តេ​ជោបានថ្លែងចំពោះមុខ​កម្មករ​កាត់​ដេរ​ជាង ១​ម៉ឺន​នាក់ ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តពោធិ៍សាត់។ សម្តេច​ បាន​លើកឡើងថា «​បន្ទាប់ពី​បង្កើត​រាជរដ្ឋាភិបាល​ហើយ ពូ​បានធ្វើ​សកម្មភាព​ទាំង​ក្នុងប្រទេស និង​ទាំង​ក្រៅប្រទេស ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់​។

ចំណុច​ស្នូល ដែល​ពូ​នៅ​បន្ត គឺ​ការបន្ត​ដោះស្រាយ​បញ្ហា​កម្មករ​កម្មការិនី ដែល​ស្ថិតនៅក្នុង​ក្របខណ្ឌ​នៃ​គោលនយោបាយ​ឧស្សាហកម្ម ឆ្នាំ​២០១៥-​ឆ្នាំ​២០២៥ ផង និង​ក៏ដូចជា​ដោះស្រាយ​បញ្ហា​ទូទៅ​របស់​ប្រទេស​ផង ព្រោះថា រដ្ឋធម្មនុញ្ញ បានកំណត់​ឲ្យ​នាយករដ្ឋមន្ត្រី ដឹកនាំ​នយោបាយ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។ បានសេចក្តីថា គ្រប់​វិស័យ​ទាំងអស់ គ្មាន​វិស័យ​ណាមួយ ដែល​គ្មាន​ការពាក់ព័ន្ធ​នឹង​ការទទួលខុសត្រូវ​រប​ស់​នាយករដ្ឋមន្ត្រី​នោះទេ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ទៀតថា «​មាន​ទៅ​មានមក បើ​ក្មួយ​ត្រូវការ​ពូ ពូ​មុខជា​មកជួប​ក្មួយ​ហើយ​។ បើ​ក្មួយ​ត្រូវការ​ពូ ពូ​នឹង​ដោះស្រាយ​បញ្ហា​ឲ្យ​ក្មួយ​ហើយ​។ ប៉ុន្តែ​ពេលណា​ក្មួយ​លែង​ត្រូវការ​ពូ រឿង​ជម្លោះ​បែបនេះ វា​មិនអាច​កើតមាន​បានទេ តម្រូវ​ការដែល​ក្មួយៗ​ត្រូវការ​ពូ​ឲ្យ​ជួយ​នោះ ពូ​ក៏​ជួយ​លែង​បានដែរ ព្រោះ​ជា​តួនាទី​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ទៅហើយ ហើយ​ប្រសិនបើ​ពូ​ជួយ​បាន ក៏​ជួយ​ត្រឹមតែ​កម្រិត​ចំណុច​ណាមួយ​ដែល​ទាក់ទង​ជាមួយ​តួនាទី​បុគ្គល​របស់​ពូ​»៕​