អ៊ុយក្រែន៖ យោធាអ៊ុយក្រែនបាននិយាយនៅថ្ងៃអង្គារនេះថា ប្រជាជនគួរតែត្រៀមខ្លួនទប់ទល់នឹងការបាញ់ផ្លោងរបស់រុស្ស៊ីមកលើទីតាំងសំខាន់ៗ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បាយដិន បានចេញការព្រមានដ៏ខ្លាំងមួយ ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូកំពុងពិចារណាការប្រើប្រាស់អាវុធគីមី មកលើទឹកដីអ៊ុយក្រែន។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានបរាជ័យក្នុងការចាប់យកទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងសង្គ្រាមឈ្លានពានអស់រយៈពេលជាងបួនសប្តាហ៍កន្លងមក ហើយកំពុងតែត្រៀមបំផ្លិចបំផ្លាញក្នុងទ្រង់ទ្រាយធំដល់តំបន់លំនៅឋាន ដោយប្រើការវាយប្រហារតាមផ្លូវអាកាស ប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំ។
កំពង់ផែសមុទ្រ ម៉រីយូប៉ូល ស្ថិនៅភាគខាងត្បូងអ៊ុយក្រែន បានក្លាយជាចំណុចស្នូលនៃការវាយលុករបស់រុស្សី ហើយភាគច្រើន គឺដើម្បីបំផ្លិចបំផ្លាញតែម្តង ដោយមានសាកសពដេករណូលរណែលនៅតាមដងផ្លូវ រីឯការវាយប្រហារកាន់តែខ្លាំងមួយទៀត គឺនៅទីក្រុងខាគីវ។
កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងរុស្ស៊ីអាចបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដោយប្រើអាវុធបញ្ជាពីចម្ងាយឆ្ងាយ និងគ្រាប់បែកចង្កោម។
លោក ចូ បាយដិន បាននិយាយថា ការចោទប្រកាន់មិនពិតរបស់រុស្ស៊ី ដែលថា រដ្ឋាភិបាលទីក្រុងកៀវ មានអាវុធជីវសាស្រ្ត និងអាវុធគីមីនោះ គឺបង្ហាញឲ្យឃើញថា លោកប្រធានាធិបតី វ្លាឌី ពូទីន កំពុងពិចារណាប្រើអាវុធដ៏មហាប្រល័យនេះ។
លោកប្រធានាធិបតីអាមេរិក បាននិយាយថា «លោក ពូទីន ទល់ច្រកហើយ។ ឥឡូវនេះគាត់កំពុងនិយាយពីភស្តុតាងក្លែងក្លាយថ្មីមួយ ដោយអះអាងថា យើងនៅអាមេរិក មានអាវុធជីវសាស្រ្ត និងអាវុធគីមីនៅអឺរ៉ុប ដែលមិនមែនជាការពិត។ ការចោទប្រកាន់បែបនេះ គឺចង់បង្ហាញឲ្យឃើញថា អ៊ុយក្រែនពិតជាមានអាវុធជីវសាស្ត្រ និងអាវុធគីមីនៅក្នុងទឹកដីអ៊ុយក្រែន។ នោះជាសញ្ញាច្បាស់លាស់ ដែលថា លោក ពូទីន កំពុងពិចារណាប្រើអាវុធទាំងពីរនេះ»។
លោក ចូ បាយដិន ក៏បានប្រាប់ក្រុមហ៊ុនអាជីវកម្មឲ្យប្រុងប្រយ័ត្នចំពោះការវាយប្រហារតាមអ៊ីនធឺណិត ដែលអាចកើតឡើងដោយរុស្ស៊ី។
កន្លងមក រដ្ឋាភិនាលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន បានចោទប្រកាន់រុស្ស៊ីថា បានផ្សព្វផ្សាយការចោទប្រកាន់មិនពិតថា អ៊ុយក្រែនមានកម្មវិធីផលិតអាវុធជីវសាស្រ្ត ដែលផ្ទុយទៅវិញ រុស្ស៊ីកំពុងពិចារណាប្រើប្រាស់អាវុធបែបនេះ។
ចំណែករដ្ឋាភិបាលរុស្ស៊ី បាននិយាយថា ខ្លួនមិនវាយប្រហារជនស៊ីវិលទេ បើទោះជាមានការបំផ្លិចបំផ្លាញទីប្រជុំជនអ៊ុយក្រែនមួយចំនួន ដូចជា ទីក្រុង ម៉ារីយូប៉ូល និងទីក្រុង ខាគីវ ក៏ដោយ។
លោក វ្លាឌីមៀ ពូទីន បានហៅសង្រ្គាមនេះថា ជាការវាយប្រហារដ៏ធំបំផុតមួយលើរដ្ឋអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយហៅថា ជាប្រតិបត្តិការយោធាពិសេស ដើម្បីរំសាយអាវុធអ៊ុយក្រែន និងការពារវាតទីពីពួកណាស៊ីថ្មី។
លោក ចូ បាយដិន គ្រោងនឹងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបក្នុងសប្តាហ៍នេះ ក្នុងផែនការជួបជាមួយមេដឹកនាំសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មកាន់សេដ្ឋកិច្ចដ៏តឹងរ៉ឹងលើប្រទេសរុស្ស៊ី ប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុប នៅខ្វែងគំនិតគ្នានៅឡើយ ចំពោះដាក់ទណ្ឌកម្មលើវិស័យថាមពលរបស់រុស្ស៊ីដែរឬទេ ខណៈអាល្លឺម៉ង់និយាយថា ប្រទេសក្នុងប្លុកអឺរ៉ុប ពឹងផ្អែកខ្លាំងពេកលើប្រេងនាំចូលពីរុស្ស៊ី។
រីឯការងារផ្នែកការទូតវិញ គឺការចរចាស្វែងរកសន្តិភាពនៅតែបន្ត ប៉ុន្តែគ្មានការរីកចម្រើនជឿនលឿនអ្វីទេ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនេះ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សែឡឹនស្គី បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី គឺលោក វ្លាឌីមៀ ពូទីន៕