ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងកើនឡើងប្រមាណ៧ភាគរយ នៅឆ្នាំ២០១៩និង៦,៨ភាគរយនៅឆ្នាំ២០២០

នាយកធនាគារអភិវឌ្ឍន៍អាស៊ី(ADB) លោកស្រី Sunniya Durraini-Jamal បាននិយាយថាប្រទេសកម្ពុជានឹងរក្សាបាននូវកំណើន សេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈពេល២ឆ្នាំទៅមុខទៀត ខណៈកំណើនសេដ្ឋកិច្ចរបស់បណ្ដាលប្រទេសឧស្សាហកម្មធំៗ មួយចំនួនមានការចុះខ្សោយ។

កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថា នឹងកើនឡើងប្រមាណ៧ភាគរយ នៅឆ្នាំ២០១៩និង៦,៨ភាគរយ នៅឆ្នាំ២០២០។

លោកស្រីSunniya Durraini-Jamal បានថ្លែងថា “ប្រទេសកម្ពុជានឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈពេល២ឆ្នាំទៅមុខ បើទោះជាកំណើនសេដ្ឋកិច្ច របស់ប្រទេសឧស្សាហកម្មធំៗ ចុះខ្សោយក៏ដោយ ។

កត្តាសំខាន់មួយដែលអាចទាក់ទាញ នឹងរក្សាឲ្យបាននូវកំណើនក្នុងរយៈពេលវែង គឺកត្តាគុណភាពធនធានមនុស្សរបស់កម្ពុជា ដែលរួមបញ្ចូលទាំងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការ របស់វិស័យឯកជន” ។

លោកស្រីសង្កត់ធ្ងន់ថា កំណើនទិន្នផលឧស្សាហកម្ម ទំនងថយចុះពីប្រមាណ ១០.៨ភាគរយ ក្នុងឆ្នាំ២០១៨ មកនៅត្រឹម១០.១ភាគរយ ក្នុងឆ្នាំ២០១៩។

កំណើននៃវិស័យសេវាកម្មនឹងមានការថមថយបន្តិចព៦,៩ភាគរយមក៦,៨ភាគរយ ក្នុងឆ្នាំ២០១៩។ វិស័យកសិកម្មត្រូវបានព្យាករណ៍ថា មានកំណើនប្រមាណ១,៧ភាគរយ ពោលគឺថយចុះបន្តិចពី១,៨ភាគរយ កាលពីឆ្នាំមុន ។

នាយក ADB  បង្ហាញថា ថាភាពសារពើពន្ធត្រូវបានគ្រោងទុកក្នុងកម្រិត ៤,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅឆ្នាំ២០១៩ បៀបធៀបនឹង៥,១ភាគរយនៃផ.ស.ស ដែលបានគ្រោងទុក កាលពីឆ្នាំ២០១៨។

លោកស្រី Sunniya Durraini-Jamal ឲ្យដឹងទៀតថា ជាមួយកំណើនសេដ្ឋកិច្ចដែលរំពឹងនឹងថយចុះបន្តិច ឱនភាពគណនីចរន្តរបស់កម្ពុជាគួរតែថយចុះបន្តិច នៅឆ្នាំនេះ និងឆ្នាំក្រោយ។ អត្រាអតិផរណា ត្រូវបានរំពឹងថា នឹងស្ថិតនៅកម្រិត២,៥ភាគរយ ជាមធ្យមសម្រាប់ឆ្នាំ២០១៩និងឆ្នាំ២០២០។

ការហូរចូលនៃកាវិនិយោគក្នុងកម្រិតខ្ពស់ នឹងជួយផាត់ទាត់ឱនភាពគណនីចរន្ត ព្រមទាំងជួយបង្គរទុនបម្រុងអន្តរជាតិសរុប រហូតដល់ប្រមាណ ១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ សម្រាប់រ៉ាប់រងការនាំចូលប្រមាន៦ខែ។

លោកស្រីបញ្ជាក់ថា បញ្ហាប្រឈមធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាថយចុះរួមមាន ៖ ការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចក្នុងសកលលោកដែលអាចមានល្បឿនលឿនជាងការរំពឹងទុក សហភាពអឺរ៉ុបន្តអនុវត្តផែនការ ព្យួរការផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មដល់កម្ពុជា ក្រោមកម្មវិធី ទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ កំណើនឥណទានក្នុងកម្រិតខ្ពស់ និងការប្រមូលផ្ដុំឥណទាន ក្នុងវិស័យអចលនទ្រព្យ បង្កហានិភ័យដល់ស្ថិរភាពវិស័យហិរញ្ញវត្ថុ។ ហានិភ័យដ៏សំខាន់មួយទៀត គឺគ្រោះរាំងស្ងួតនៅឆ្នាំនេះ។

របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) បានបង្ហាញថាឆ្នាំ២០១៩ កម្ពុជាមានបញ្ហាប្រឈមដ៏សំខាន់មួយ អំពីគម្លាតជំនាញដែលកើតឡើង ដោយសារភាពមិនស៊ីគ្នា រវាងជំនាញដែលកម្លាំងពលកម្មមាន និងជំនាញដែលនយោជកត្រូវការ។

កម្ពុជាត្រូវការគ្រូបង្រៀនដែលមានគុណភាណបង្រៀនខ្ពស់ច្រើននាក់ថែមទៀត នឹងត្រូវផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សិស្សក្រីក្រដែលរៀនពូកែ ដើម្បីជួយឲ្យពួកគេបន្តការសិក្សា និងរៀនជំនាញដែលត្រូវការ ក្នុងយុគសម័យឌីជីថល។

នាយកធនាគារអាស៊ី ប្ដេជ្ញាកសាងតំបន់អាស៊ី-ប៉ាស៊ីហ្វិកឲ្យប្រកបដោយវិបុលភាព បរិយាប័ន្ន ភាពធ្ងន់ និងនិរន្តរភាព នឹងបន្តខិតខំប្រឹងប្រែងលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរនៅកម្ពុជាផងដែរ។

កាលពីឆ្នាំ២០១៨ ADB បានប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានឥតសំណងថ្មី ក្នុទឹកប្រាក់ប្រមាណ ២១,៦ពាន់លានដុល្លារ៕