នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ លោក លី សុផាណា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកកាសែតថា «ក្រោយពីបានពិនិត្យសំណុំរឿង និងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះ និងសំណុំរឿង ទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមនីតិវិធី»។
បទចោទប្រកាន់ទាំងពីរនេះ ត្រូវផ្តន្ទាទោសតាមមាត្រា ៣០៥ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ មាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ដែលបានកំណត់ពីការពិន័យជាប្រាក់ ពី ១សែនរៀល ទៅ ១០លានរៀល។ ដោយឡែក មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី ៦ខែ ទៅ ២ឆ្នាំ។
លោក ផែង វណ្ណៈ ជាមន្ត្រីយោធាក្នុងក្រសួងការពារជាតិ និងជាម្ចាស់ហ្វេសប៊ុក ឈ្មោះ Pheng Vannak News ត្រូវបានប៉េអឹម ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី០២ ខែមេសា។ ការចាប់ខ្លួនលោក ផែង វណ្ណៈ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទទួលបានពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេច ហ៊ុន សែន។ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ប៉េអឹម បានបញ្ជូនលោក ផែង វណ្ណៈ ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយការសាកសួរ តំណាងអយ្យការ បានបញ្ជូនផែងវណ្ណៈ ទៅឃុំឃាំងនៅប៉េអឹម ហើយនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ទើបប៉េអឹម នាំផែងវណ្ណៈ មកកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕