ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផែង វណ្ណៈ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន

​បទចោទប្រកាន់​ទាំងពីរ​នេះ ត្រូវផ្តន្ទាទោស​តាម​​មាត្រា៣០៥ និង​មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​ មាត្រា៣០៥ នៃ​ក្រមព្រហ្មទណ្ឌ បានចែង​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បានកំណត់​ពី​ការពិន័យ​ជា​ប្រាក់ ពី១​សែន​រៀល ទៅ១០​លាន​រៀល​។​ ​ដោយឡែក មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ បានចែង​ពីបទញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ចន្លោះ​ពី៦​ខែ ទៅ២​ឆ្នាំ​។​

​​ក្នុង​ពាក្យបណ្តឹង ដាក់​ទៅកាន់​តុលាការ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ លោក​មេធាវី គី តិច បាន​លើកឡើងថា បុគ្គល ផែង វណ្ណៈ បាន​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​ប្រៀបប្រដូច​ករណី​រូបលោក ផែង វណ្ណៈ​ធ្វើជា​តំណាង​ឲ្យ​ក្រុម​ជនល្មើស បើក​ឡាន​បុក​គេ​ស្លាប់ យកលុយ ៥០០០ ដុល្លារ ទៅ​ចូល​បុណ្យសព​ជនរងគ្រោះ និង​នាយក​ប្រតិបត្តិ អង្គភាព Fresh News ដែល​ធ្វើជា​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន យកលុយ ៥​ម៉ឺន​ដុល្លារ ចូល​បុណ្យ ធ្វើ​ចេតិយ​សព​លោក កែម ឡី​។​

​លោក គី តិច មេធាវី​តំណាង​សម្តេច​តេ​ជោ ហ៊ុនសែន បានស្នើ​សុំ​ឲ្យ​តុលាការ ពិនិត្យ សម្រេច ចោទប្រកាន់ និង​ផ្តន្ទាទោស ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត លើ​ឈ្មោះ ផែង វណ្ណៈ តាម​បញ្ញត្តិ​មាត្រា ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សុំ​ឲ្យ​ធ្វើការ​ពិនិត្យ សម្រេច ឃាត់ខ្លួន ឬ​ចាប់ខ្លួន និង​ឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ ដើម្បី​ទប់ស្កាត់ ការប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្តបន្ទាប់ ដែល​អាច​នាំ​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

​សូមបញ្ជាក់ថា ក្រៅពី​បណ្តឹង​របស់​មេធាវី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ផែង វណ្ណៈ ក៏​កំពុង​ជាប់​បណ្តឹង​របស់លោក​ពេជ្រ​ស្រស់ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​បណ្តឹង ២​ទៀត នៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺ​បណ្តឹង​មួយ របស់​អង្គភាព Fresh News ប្តឹង​ទារ​សំណង ៥០​ម៉ឺន​ដុល្លារ និង​បណ្តឹង​មួយទៀត របស់លោក ខាន់​សុវណ្ណ ប្តឹង​លោក​ផែង​វណ្ណៈ ទាមទារ​សំណង ១​លាន ២១​ម៉ឺន​ដុល្លារ។

​លោក ផែង វណ្ណៈ ជា​មន្ត្រី​យោធា​ក្នុង​ក្រសួងការពារជាតិ និង​ជា​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Pheng Vannak News ត្រូវបាន​ប៉េអឹម ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​០២ ខែមេសា​។ ការចាប់ខ្លួន​លោក ផែង វណ្ណៈ បន្ទាប់ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទទួលបាន​ពាក្យបណ្តឹង​របស់លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច ហ៊ុន សែន​។ នៅ​រសៀល​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ ប៉េអឹម បាន​បញ្ជូន​លោក ផែង វណ្ណៈ ទៅកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ក្រោយ​ការសាកសួរ តំណាង​អយ្យការ បាន​បញ្ជូន​ផែង​វណ្ណៈ ទៅ​ឃុំឃាំង​នៅ​ប៉េអឹម ហើយ​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩ ទើប​ប៉េអឹម នាំ​ផែង​វណ្ណៈ មកកាន់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី៕