ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប.និង​ (GIZ) ផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់”

ព្រះសីហនុ៖ អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មសហការជាមួយទីភ្នាក់ងារកិច្ចស​ហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមការគាំទ្រនៃគម្រោង «ការជំរុញភាពប្រកួតប្រជែងនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានដែលហៅកាត់ថា COMPETE» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់” ធ្វើ​ឡើង​នៅសណ្ឋាគារឯករាជ្យ។
លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងជាសមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»។
ជា​​តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និង លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយលោក ស៊ិន សុខុមន្នី ទីប្រឹក្សាគម្រោងនៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។
សិក្ខាសាលានេះមានការចូលរួមពី សាខា ក.ប.ប. មន្ទីរពាណិជ្ជកម្ម មន្ទីរ និងស្ថាប័នពាក់ព័ន្ធមួយចំនួនក្នុងខេត្តព្រះសីហនុ និងខេត្តជុំវិញ ជាពិសេសមានការអញ្ជើញចូលរួមពីសំណាក់សមាជិកសភាពាណិជ្ជកម្មនិងអាជីវករក្នុងខេត្តព្រះសីហនុ កំពង់ស្ពឺ និងកោះកុង សរុបប្រមាណ១៤០នាក់។
លោក ឃួន សាវុធ បានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងជំរុញ និងលើកកម្ពស់​កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ព្រមទាំងចែករំលែកនូវបទពិសោ​ធន៍ល្អៗទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីៗដែលបាន និងកំពុងកើតមានឡើងពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាជំរុញការយល់ដឹងឱ្យកាន់តែទូលំទូលាយជូនដល់ភាគីពាក់ព័ន្ធអំពីបេសកកម្មនៃច្បាប់ស្ដីពីការប្រកួតប្រជែង ដែលក្នុងការបង្កើតឱ្យមានការប្រកួ​តប្រជែងដោយស្មោះត្រង់។
លើសពីនេះបង្កើតឱ្យមានបរិយាកាសប្រកួតប្រជែងស្មើភាពរវាងធុរកិច្ចនិងការពារផលប្រ​យោជន៍របស់អ្នកប្រើប្រាស់ទាំងនៅក្នុងតំបន់ និងអន្តរជាតិតាមរយៈការកំណត់នូវ«វិធា​ន​នៃការប្រកួតប្រជែង (Rules of the Game)» ទោះបីបុគ្គលធ្វើធុរកិច្ចទាំងនោះជាក្រុមហ៊ុនឬសហគ្រាសធុនតូច មធ្យម ឬធំក៏ដោយ។
លោកអគ្គនាយករង ក៏បានលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ ប្រើប្រាស់នូវសិក្ខាសាលានាថ្ងៃនេះជាវេទិកាមួយ ក្នុងការជួបជុំរវាងអ្នកអនុវត្តច្បាប់ និងធុរកិច្ចជន ដើម្បីពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ជាពិសេសគឺការផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរពក៏ដូចជាអនុវត្តច្បាប់ទាំងពីរនេះឱ្យមានប្រសិទ្ធភាព។