ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សៀវភៅច្បាប់សុវត្ថិភាពម្ហូបអាហារចំនួន ១០០០ក្បាល ត្រូវបានអង្គការស្បៀងអាហារពិភពលោក (FAO) ប្រចាំកម្ពុជា ប្រគល់ជូនអគ្គនាយកដ្ឋាន ក.ប.ប.

ភ្នំពេញ: លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋាន ក.ប.ប. នៅរសៀលថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២នេះ បានទទួល ជួបលោកស្រី Rebekah Bell, តំណាង FAO ប្រចាំប្រទេសកម្ពុជា នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងច្បាប់​ស្ដីពីសុវត្ថិភាពម្ហូបអាហារ និងបានរៀបចំពិធីប្រគល់ទទួលសៀវភៅច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដែលជាការឧបត្ថម្ភរបស់អង្គការស្បៀងអាហារពិភពលោក។

លោកប្រតិភូ បានជម្រាបជូនតំណាង FAO ប្រចាំប្រទេសកម្ពុជា ពីស្ថានភាពទូទៅនៃការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជា ដែលជាប្រព័ន្ធពហុ ស្ថាប័ន ផ្អែកតាមគោលការណ៍ Integrated Food Chain Approach ដើម្បីធានាលក្ខខណ្ឌតម្រូវម្ហូបអាហារត្រូវបានអនុវត្តនៅ​តាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម។

លោកស្រី Rebekah Bell បានធ្វើការវាយតម្លៃខ្ពស់ដល់អគ្គនាយកដ្ឋាន ក.ប.ប. ដែលបានសហការយ៉ាងល្អជាមួយ FAO ក្នុងការរៀបចំច្បាប់​ស្ដីពីសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការចូលរួមអនុវត្តគម្រោងជំនួយបច្ចេក ទេសនានា រហូតទទួលបានលទ្ធផលប្រកបដោយជោគជ័យ។

លោកស្រី ក៏បានលើកឡើង​ផងដែរអំពីកិច្ចសហការបន្តក្នុងការរៀបចំប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជាឱ្យមានលក្ខណៈទំនើប និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ ដោយមាន១១ជំពូក និង៤៣មាត្រា ដោយច្បាប់នេះកំណត់អំពីក្របខ័ណ្ឌនិងយន្តការសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ។

លើសពីនេះគឺ ភាពស្របច្បាប់ នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្មម្ហូបអាហារ ដើម្បីផ្តល់ការការពារសុខភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់និងធានាឱ្យមានការធ្វើពាណិ ជ្ជកម្មម្ហូបអាហារប្រកបដោយភាពស្មោះត្រង់។

ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្មមានសមត្ថកិច្ចដឹកនាំ សម្របសម្រួលការគ្រប់គ្រង់គុណភាព សុវត្ថិភាពម្ហូបអាហារដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ។

ក្នុងនោះដែរ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាមន្ត្រីស៊ើបអង្កេតក្រោមច្បាប់ស្តីសុវត្ថិភាពម្ហូបអាហារ នឹងពង្រឹងការអនុវត្តច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ ដើម្បីធានាបានការការពារសុខុមាលភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ស្របតាមគោលបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។