ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ចំនួន៤ ដល់សមាជិកសភាពាណិជ្ជកម្ម-រាជធានីភ្នំពេញ

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី១២ និងទី១៣ ខែតុលា ឆ្នាំ២០២២នេះ​បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញនិងសេវា ជូនដល់សមាជិក-សមាជិកា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលជាធុរជន និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំសភាពាណិជ្ជកម្មកម្ពុជា ក្រោមអធិបតីភាព លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក​​ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី ធុរជន និងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ជាសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ២០០រូប។ សិក្ខាសាលានេះ គឺត្រូវបានប្រើប្រាស់ជាវេទិកាយ៉ាងសំខាន់មួយ ក្នុងគោលបំណងជំរុញនិងលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងសុវត្ថិភាពម្ហូបអាហារ ព្រមទាំងចែករំលែកនូវបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីៗ ដែលបាននឹងកំពុងកើតមានឡើងពាក់ព័ន្ធដល់ការអនុវត្តច្បាប់ទាំងនេះកន្លងមក។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានជម្រាបថាគោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺមិនត្រឹមតែផ្តល់ជាវេទិការក្នុងការបញ្ជ្រាបការយល់ដឹងផ្នែកច្បាប់ សិទ្ធិអំណាចរបស់មន្រ្តីស៊ើបអង្កេត សិទ្ធិរបស់អ្នកប្រើប្រាស់ និងកាតព្វកិច្ចរបស់ធុរជនពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងសុវត្ថិភាពម្ហូបអាហារប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យសមត្ថកិច្ច ដែលជាមន្ត្រីអនុវត្តច្បាប់ ធុរជន ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ និងភាគីពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈមនិងសំណូមពរនានា ដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលបំណងជំរុញនិងលើកកម្ពស់ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។

ដោយវិស័យសុវត្ថិភាពម្ហូបអាហារត្រូវបានកំណត់ជាវិស័យអាទិភាព លោក​​ ផាន អូន ក៏បានបញ្ជាក់បន្ថែមជូនអង្គសិក្ខាសាលា ចំពោះកាតព្វកិច្ចចម្បងរបស់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ដែលរួមមាន៖
– ត្រូវចុះបញ្ជិកាឱ្យបានត្រឹមត្រូវ ចំពោះម្ហូបអាហារដែលត្រូវបានចាត់ទុកថាជាប្រភេទមានហានិភ័យ
– ត្រូវធានាថាម្ហូបអាហារមានសុវត្ថិភាព គុណភាព និងភាពសមស្របសម្រាប់មនុស្សបរិភោគ ស្របតាមលក្ខខណ្ឌតម្រូវស្តីពីម្ហូបអាហារ
– ត្រូវដោះស្រាយបញ្ហាសុវត្ថិភាពម្ហូបអាហារនៅពេលដែលកើតមាននៅក្នុងអាជីវកម្មរបស់ខ្លួន
– ត្រូវជូនដំណឹងជាបន្ទាន់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ អំពីបញ្ហាដែលកើតឡើងចំពោះម្ហូបអាហារ
– ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ក្នុងការអនុវត្តវិធានការដើម្បីជៀសវាង ឬកាត់បន្ថយហានិភ័យដែលបានបង្កដោយផលិតផលនៃអាជីវកម្មម្ហូបអាហារដែលពាក់ព័ន្ធ ព្រមទាំងការអង្កេតដាន ការប្រមូលម្ហូបអាហារមកវិញ និងការដកហូតម្ហូបអាហារ។

ក្រៅពីវិស័យសុវត្ថិភាពម្ហូបអាហារដែលជាវិស័យអាទិភាព អគ្គនាយកដ្ឋាន ក.ប.ប. ក្នុងនាមជាសេនាធិការ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ក៏ត្រូវទទួលបន្ទុកអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ ដែលមានគោលបំណងលើកទឹកចិត្តឱ្យមានទំនាក់ទំនងធុរកិច្ចដោយស្មើភាពនិងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ជំរុញឱ្យមានបង្កើតធុរកិច្ចថ្មីៗ លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ និងជួយអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញនិងសេវាមានគុណភាព ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

ជារួម ការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញនិងសេវា ប្រកបដោយប្រសិទ្ធភាពនិងពេញលេញ នឹងជំរុញឱ្យមានការការពារដល់សុខុមាលភាពប្រជាពលរដ្ឋ ការការពារសិទ្ធិនិងផលប្រយោជន៍របស់អ្នកប្រើប្រាស់ បង្កើនបាននូវទំនុកចិត្តរវាងអ្នកប្រើប្រាស់និងធុរជន និងជម្រុញការប្រកួតប្រជែងនៅក្នុងទីផ្សារប្រកបដោយសមធម៌និងយុត្តិធម៌ និងចុងក្រោយអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។


សូមជូនតំណភ្ជាប់ Link សម្រាប់ទាញយកច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត https://www.ccfdg.gov.kh/laws-regulations/laws/