ភ្នំពេញ៖រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូ ប៊ុនអេង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្រសួងមហាផ្ទៃ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២២នេះបានមានប្រសាសន៍ក្នុងកម្មវិធីទិវាជាតិប្រឆាំងការជួញដូរ មនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅ សម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព»។
រាជរដ្ឋាភិបាលកម្ពុជាបានខិតខំដោះស្រាយបញ្ហា ដែលជះឥទ្ធិពលពីវិបត្តិកូវីដ១៩ គួបផ្សំនឹងការប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកនិងគ្រោះធម្មជាតិ ដែល បានយារយីនៅគ្រប់ទីកន្លែង ជាពិសេសចំពោះការធ្វើសមាហរណកម្មពលករ ដែលបានត្រឡប់ពីប្រទេស គោលដៅប្រមាណជាង៣០ម៉ឺននាក់ ដែលភាគច្រើនជាអ្នកចាកចេញពីភូមិស្រុកក្នុងរយៈពេលយូរ ខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាពនិងងាយរងគ្រោះ ឱ្យទទួលបានស្ថានភាពល្អប្រសើរ មានការងារមុខរបរ ជាប្រក្រតី និងទទួលបានសេវាសង្គមទាំងឡាយ ។
ក្នុងនោះនៅក្នុងឆមាសទី១ នៃឆ្នាំ២០២២កន្លងទៅ ស្ថានភាពនៃការជួញដូរមនុស្ស ក៏មានភាពល្អប្រសើរជាងបណ្ដាឆ្នាំមុនៗ ដោយសារតែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ពង្រឹង ការអនុវត្តន៍ច្បាប់ បង្កើនកិច្ចការពារជនរងគ្រោះ លើកកម្ពស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ជាពិសេសលើក កម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ។
ចំណែគ ឧក្រិដ្ឋជន ដែលបានប្រព្រឹត្តសកម្មភាពឃោរឃៅទៅលើជនរងគ្រោះ ដោយពលកម្មដោយបង្ខំ ការឆបោកតាមប្រព័ន្ធអនឡាញ ការអូសទាញជនងាយរងគ្រោះពីក្រៅប្រទេស ដើម្បីបង្ខំឱ្យបម្រើសកម្មភាពឆបោកខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗទៀត ដែលភាគច្រើនប្រព្រឹត្តដោយ ជនបរទេសទៅលើជនបរទេសដូចគ្នាផង និងមានបណ្តាញទាក់ទងគ្នាយ៉ាងសកម្ម តាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានឬអនឡាញ ប្រទាក់ក្រឡាពីប្រទេសមួយទៅប្រទេសមួយផងដែរ ។