ព្រះសីហនុ៖ ទន្ទឹមនឹងសន្ទុះនៃការអភិវឌ្ឍន៍ដ៏គំហុកបានធ្វើឲ្យ ក្រុងព្រះសីហនុមានបញ្ហាប្រឈមចំពោះមុខទាមទារនូវដំណោះស្រាយជាបន្ទាន់ និងត្រូវរៀបចំផែនការមេគ្រប់គ្រងលើបញ្ហាទឹកកខ្វក់ហូរចូលឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ក្នុងមួយថ្ងៃជាង២ម៉ឺនម៉ែត្រគីប ។
កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្នុងការចុះពិនិត្យមើលស្ថានភាពអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជំនាញ អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍និងលោកស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដោយសារតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង តាមរយៈការសាងសង់អគារ ខុនដូរ រមណីយដ្ឋាន អគារពាណិជ្ជកម្ម និងរោងចក្រជាច្រើន បានធ្វើឲ្យបរិមាណទឹកកខ្វក់ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ កើនឡើងលើសពីការរំពឹងទុក។
ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកកខ្វក់ក្រុងព្រះសីហនុ ដូចជាបណ្តាញលូ ស្ថានីយបូមទឹក និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅមានការខ្វះខាត និងមិនអាចឆ្លើយទៅនឹងបរិមាណនៃការបញ្ចេញចោលកាកទឹកសំណល់ក្រុងព្រះសីហនុបានឡើយ ។ ដូច្នេះនាំឲ្យបរិមាណទឹកកខ្វក់ប្រហែលជាង ២០០០០ម៉ែត្រគីបក្នុងមួយថ្ងៃ បានហូរចូលផ្ទាល់ទៅបំពុលឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជាឆ្នេរជាប់សមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក។
តាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ទន្ទឹមនឹងសន្ទុះនៃការអភិវឌ្ឍន៍គំហុកនេះ ក្រុងព្រះសីហនុមានបញ្ហាប្រឈមចំពោះមុខទាមទារនូវដំណោះស្រាយជាបន្ទាន់ និងត្រូវរៀបចំផែនការមេគ្រប់គ្រងលើបញ្ហាទឹកកខ្វក់ហូរបំពុលដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា និងពិភពលោក។
ប្រមុខចំពោះបញ្ហានេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយជាបន្ទាន់ តាមរយៈការបង្កើនសមត្ថភាពអាងចម្រោះទឹកកខ្វក់ឲ្យបាន ៤ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ នឹងពង្រីកសមត្ថភាពអាងចម្រោះទឹកកខ្វក់នេះឲ្យបានប្រមាណ ១០ម៉ឺនម៉ែត្រគីប នៅឆ្នាំ២០៣០ និងតបណ្តាញលូមេទូទាំងក្រុងព្រះសីហនុចំនួន ១៥៧គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក៕