ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សិស្សសាលាអ៊ីរ៉ង់ រាប់ពាន់នាក់ដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យត្រូវថ្នាំគីមីពុល

តេហេរ៉ង់៖ សិស្សសាលាអ៊ីរ៉ង់ជាង១,០០០នាក់ ដែលភាគច្រើនជាសិស្សស្រី បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ក្នុងរយៈពេលបីខែជាប់ៗគ្នា ដែលគេសង្ស័យ ថា អាចបង្កឡើងពីឧស្ម័នពុល។

ក្មេងស្រីរាប់សិបនាក់ នៅក្នុងសាលារៀនយ៉ាងតិច ២៦កន្លែងផ្សេងៗគ្នា នៅទូទាំងប្រទេសអេរ៉ង់ ត្រូវគេរាយការណ៍ថា បានធ្លាក់ខ្លួនឈឺដើមខែមីនា ឆ្នាំ២០២៣នេះ ដែលជាការកើនឡើងយ៉ាងរហ័សនៃករណីដួលសន្លប់បន្តបន្ទាប់គ្នា។

អ្នកជំងឺជាច្រើនមានរោគសញ្ញាស្រដៀងគ្នា គឺមានបញ្ហាផ្លូវដង្ហើម ក្អួតចង្អោរ វិលមុខ និងអស់កម្លាំងល្ហិតល្ហៃ។

ករណីដួលសន្លប់ដំបូង ត្រូវគេរាយការណ៍ថា បានកើតឡើងនៅឯសាលាមួយ ដែលសិស្សស្រីចំនួន១៨នាក់ បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។  ចាប់តាំងពីពេលនោះមក យ៉ាងហោចណាស់ សិស្សស្រីនៅតាមសាលារៀន៥៨កន្លែង នៅក្នុងខេត្តចំនួនប្រាំបី បានដួលសន្លាប់ជាបន្តបន្ទាប់។

ករណីភាគច្រើន បានកើតឡើងនៅតាមសាលាសម្រាប់សិស្សស្រី ពីព្រោះប្រទេសអ៊ីរ៉ង់ បែងចែកសាលាទៅតាមភេទ ដោយមិនឲ្យសិស្សប្រុសរៀនជាមួយសិស្សស្រីឡើយ។

ក្នុងពេលជាមួយគ្នានេះដែរ ក៏មានសេចក្តីរាយការណ៍មួយចំនួនអំពីគ្រូបង្រៀន និងសិស្សប្រុស ក៏រងផលប៉ះពាល់ រួមទាំងឪពុកម្តាយ ដែលបានមកដល់កន្លែងកើតហេតុ។

ភាគច្រើននៃករណីទាំងនេះ បានបង្ហាញឲ្យឃើញពីយុវជន ដែលមានអារម្មណ៍តឹងតែង នៅក្នុងសាលារៀន ដោយអ្នកខ្លះត្រូវគេលើកដាក់ចូលរថយន្តសង្គ្រោះបម្ទាន់ និងខ្លះទៀតដេកនៅលើគ្រែមន្ទីរពេទ្យ។  រីឯអ្នកផ្សេងទៀត ឃើញរថយន្តសង្គ្រោះបន្ទាន់មកដឹក ហើយក្រុមមនុស្សបានប្រមូលផ្តុំគ្នាកកកុញ នៅមាត់ទ្វាររបងសាលារៀន។

សិស្សម្នាក់មកពីសាលារៀនមួយ ស្ថិតនៅជិតទីក្រុង តេហេរ៉ង់ បាននិយាយថា នាង និងមិត្តរួមថ្នាក់របស់នាង ធ្លាប់ធុំក្លិនអ្វីចម្លែកណាស់។  វា​ជាក្លិនស្អុយដូច​ជា​ផ្លែ​ឈើរលួយ​ ប៉ុន្តែ​មាន​ក្លិន​ស្អុយឈួលខ្លាំង​ជាង។

នាងរំឭកថា នាថ្ងៃបន្ទាប់មក «សិស្សស្រីជាច្រើនបានធ្លាក់ខ្លួនឈឺ ហើយមិនបានមកសាលារៀនទៀតទេ ចំណែកគ្រូបង្រៀនផ្នែកអក្សរសាស្ត្រអង់គ្លេស ក៏បានធ្លាក់ខ្លួនឈឺផងដែរ»។

នាង​បាន​និយាយ​ទៀតថា​ «​ពេល​ខ្ញុំ​ត្រឡប់​ទៅ​ដល់ផ្ទះ​វិញ ខ្ញុំ​មាន​អារម្មណ៍​វិលមុខ និង​ឈឺក្បាល។ ម្តាយ​របស់ខ្ញុំ​ព្រួយ​បារម្ភ​ពីខ្ញុំ ដោយសារ​ឃើញខ្ញុំ​ស្លេក​ស្លាំងពេក និង​ដកដង្ហើម​មិន​រួច សំណាង​ល្អ​ដែល​ខ្ញុំ​បាន​ជា​សះស្បើយ​ឆាប់​។  ចំណែកក្មេងៗភាគច្រើននៅក្នុងសាលារបស់ខ្ញុំ បានជាសះស្បើយក្នុងរយៈពេល២៤ម៉ោង»។

នាងបាននិយាយបន្ថែមថា «នាយកសាលាភ័យខ្លាំងណាស់ បន្ទាប់ពីឮសេចក្តីរាយការណ៍អំពីករណីកើតឡើងនៅតាមសាលាផ្សេងទៀត ហើយបានប្រាប់សិស្សកុំឲ្យនិយាយអំពីរឿងនេះ»។

ចំណែលមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់វិញ បានផ្តល់ហេតុផលមិនច្បាស់លាស់អំពីប្រភេទជំងឺរបស់សិស្សសាលា រីឯប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានបញ្ជាឲ្យមានការស៊ើបអង្កេតដល់ឫសគល់ ដើម្បីរកមូលហេតុឲ្យបានច្បាស់។

មនុស្សជាច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ ជឿជាក់ថា សិស្សសាលាត្រូវគេបំពុលដោយចេតនា ក្នុងគោលបំណងឲ្យបិទសាលារៀនសម្រាប់សិស្សស្រី ដែលជាប្រភពនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២មកម្លេះ។

សិស្សានុសិស្ស និងមាតាបិតាមួយចំនួន បានផ្តល់យោបល់ថា សិស្សសាលាអាចត្រូវបានគេកំណត់ជាមុខសញ្ញានៃការតវ៉ាប្រឆាំងរដ្ឋាភិបាល នាពេលថ្មីៗកន្លងមកនេះ ពាក់ព័ន្ធនឹងបំរាមលើឲ្យពាក់ស្បៃគ្របមុខ។

អ្នកជំនាញខាងអាវុធគីមី បាននិយាយថា «ការស្វែងរកសារធាតុបង្កហេតុឲ្យឃើញច្បាស់លាស់ គឺជាភ័ស្តុតាងតែមួយគត់ ប៉ុន្តែអាចជាការពិបាកបំផុត»។

លោកបាននិយាយថា ដោយសារឥទ្ធិពលសារធាតុគីមីពុលអាចរលាយ ឬថយចុះ ការប្រមូលសំណាកមួយច្បាស់លាស់ គឺតម្រូវឲ្យអ្នកស៊ើបអង្កតទៅដល់ទីនោះភ្លាម ដោយមានឧបករណ៍ត្រឹមត្រូវ និងទាន់ពេលវេលា។

លោកបាននិយាយបន្ថែមទៀតថា សាក្សីជាច្រើននិយាយរៀបរាប់នៅក្នុងប្រទេសអ៊ីរ៉ង់ ផ្តោតការយកចិត្តទុកដាក់តែលើក្លិន ដូចជាពិពណ៌នាអំពីក្លិនក្រូច ឬក្លិនត្រីស្អុយរលួយ ដែលនេះអាចជាការយល់ច្រឡំ។

លោកបានពន្យល់ថា «ក្លិនផ្សេងៗ ដែលត្រូវពិពណ៌នារៀបរាប់ នៅក្នុងពេលឧប្បត្តិហេតុ គឺពិបាកបញ្ជាក់ឲ្យច្បាស់ថា វាជាគ្រោះថ្នាក់បង្កឡើងដោយសារធាតុគីមីពិតប្រាកដមែន។  នៅក្នុងឃ្លីបវីដេអូមួយចំនួន បង្ហាញពីក្មេងស្រី‌ ភ័យតាមគេ ក្រោយពីឮគេនិយាយអំពីឧស្ម័នបង្ហូរទឹកភ្នែក ដែលប្រើប្រាស់យ៉ាងច្រើនក្នុងអំឡុងពេលបង្ក្រាបក្រុមតវ៉ាប្រឆាំងរដ្ឋាភិបាល នាពេលថ្មីៗនេះ។

ឧប្បត្តិហេតុពុលនៅក្នុងប្រទេសអ៊ីរ៉ង់ មានភាពស្រដៀងគ្នានឹងករណីពុលជាបន្តបន្ទាប់ នៅតាមសាលារៀនរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងទសវត្សរ៍ឆ្នាំ២០១០ ដែលករណីទាំងនោះមិន​ត្រូវ​បាន​គេ​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ រហូតមកដល់ពេលនេះ។

អ្នកជំនាញខាងអាវុធគីមី បាននិយាយរំឭកថា ករណីសិស្សសាលាពុលដួលសន្លប់នៅក្នុងប្រទេសអ៊ីរ៉ង់ ហាក់ដូចជាធ្វើឲ្យគេនឹកឃើញអំពីការផ្ទុះជំងឺ  នៅក្នុងប្រទេសកូសូវ៉ូ នាឆ្នាំ១៩៩០ និងកើតឡើងនៅតំបន់ វ៉េស្បែង (West Bank) នាឆ្នាំ១៩៨៦  ដែលករណីខាងលើនេះ មិនត្រូវបានធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ឡើយ៕