លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះហត្ថលេខាលើយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨ ជាមួយលោកវេជ្ជបណ្ឌិត សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤។
ពិធីចុះហត្ថលេខានេះ បានអ្វើឡើងនាឱកាសដែលលោកសាស្រ្តាចារ្យចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន។
យុទ្ធសាស្រ្តនេះកំណត់អំពីចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមចំណែកចំពោះការសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ «ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព» កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលគូសបញ្ជាក់ អំពី ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការសម្រេចបានគោលដៅនៅក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តនេះនឹងជាមគ្គុទ្ទេសក៍ សម្រាប់កិច្ចសហការ និងសហប្រតិបត្តិការរយៈពេល៥ឆ្នាំខាងមុខ សំដៅលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា ដែលកំពុងបន្តមានវឌ្ឍនភាព ដោយផ្ដោតលើ ការផ្ដល់ផលជះជាក់ស្ដែង នៅក្រោមអាទិភាពយុទ្ធសាស្រ្ត ចំនួន៣៖ ១.ពន្លឿនការគ្របដណ្ដប់សុខភាពជាសកលតាមរយៈសមាហរណកម្មសេវានិងប្រព័ន្ធ ប្រកបដោយ គុណភាព ដោយតម្រង់ទិសឡើងវិញទៅលើការថែទាំសុខភាពបឋម។ ២. លើកកម្ពស់សុខភាពបុគ្គល គ្រួសារ និងសហគមន៍ តាមរយៈ សកម្មភាពនៅក្នុង និងលើសពីវិស័យសុខាភិបាល និង៣. ពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីបង្កើនការត្រៀមលក្ខណៈជាមុនការឆ្លើយតប និងភាពធន់នឹង គ្រោះអាសន្នសុខភាពសាធារណៈ ដែលមានគ្រោះថ្នាក់ច្រើន៕ ដោយ៖ កន ចំណាន


