ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារពីគណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោក XU Shilong អគ្គនាយកក្រុមហ៊ុន Shanghai Geoharbour Group និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនាព្រឹកនេះ គណៈប្រតិភូក្រុមហ៊ុន Shanghai Geoharbour Group បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី អំពីសាវតាររបស់ក្រុមហ៊ុនដែលមានបទពិសោធន៍ចូលរួមសាងសង់គម្រោងធំៗជាង ២០០គម្រោងនៅក្នុងតំបន់អាស៊ី រួមមាន កំពង់ផែ, អាកាសយានដ្ឋាន, និងកោះសិប្បនិម្មិតជាដើម។ ចំពោះសកម្មភាពក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងចូលរួមក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលគ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបានសម្តែងនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមទៀតនូវសក្ដានុពលនៃការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។
នាឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានអញ្ជើញមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគបន្ថែមនៅកម្ពុជា។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូនគណៈប្រតិភូអំពីគម្រោងអភិវឌ្ឍន៍ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចមាន គម្រោងផ្លូវល្បឿនលឿន គម្រោងព្រែកជីកហ្វូណនតេជោ និងកំពង់ផែ ដែលអនុញ្ញាតជូនវិនិយោគិន ក៏ដូចជាក្រុមហ៊ុន Shanghai Geoharbour Group ផ្ទាល់ អាចពិនិត្យលទ្ធភាពជ្រើសរើសការបណ្ដាក់ទុនវិនិយោគផងដែរ៕