អភិបាលខេត្តតាកែវ ណែនាំគ្រប់ច្រកទ្វារតាមព្រំដែនជាមួយវៀតណាម ទប់ស្កាត់ការនាំចូលសាច់បង្កក ពងទា និងធុរេនចូលមកកម្ពុជា
តាកែវ ៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៨ ខែឧសភា ឆ្នាំ ២០២៥ នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក បានធ្វើការណែនាំគ្រប់ច្រកទ្វារព្រំដែនរវាងខេត្តតាកែវ និងខេត្តគៀងយ៉ាង របស់ប្រទេសវៀតណាម ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យខាងតែបាន កុំឲ្យមានការនាំចូលពងទា ពងមាន់ សាច់បង្កក ជាពិសេសផ្លែធុរេន ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ព្រោះផ្លែធុរេនវៀតណាមកំពុងមានបញ្ហាសារធាតុគីមី ដែលបង្កការប៉ះពាល់សុខភាព។
ថ្លែងនៅចំពោះមុខសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ការនាំចេញផ្លែធុរេនពីប្រទេសវៀតណាម ទៅកាន់ទីផ្សារប្រទេសចិន កំពុងតែមានបញ្ហា ព្រោះគេបានរកឃើញមានសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ ស្ថានភាពនេះធ្វើឲ្យសល់ផ្លែធុរេនច្រើន ជាពិសេសតម្លៃធុរេនមានការធ្លាក់ចុះ ហើយអាចនឹងមានការលួចនាំចូលមកកាន់ទីផ្សារកម្ពុជា។ បញ្ហានេះ អា...








