ឯកឧត្តម ហេង សួរ លើកឡើងក្នុងប្រធានបទ: “វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ” ត្រូវបានសាទរពីគ្រប់ភាគីក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី១៥ នៃពិធីបើកពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានអ្នកចូលរួមមកពីគ្រប់មជ្ឈដ្ឋាន ប្រមាណជាង ១ ៨០០នាក់ គឺជាវេទិកាដើម្បីពង្រឹងទំនាក់ទំនងល្អ និងកាន់តែជិតស្និទ្ធរវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និយោជក រោងចក្រ សហគ្រាស កម្មករនិយោជិត គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកពីសារៈសំខាន់ដែលផ្តើមចេញពីកត្តាគ្រឹះនៃការរក្សាបាននូវសុខសន្តិភាព ដែលផ្តល់ឱកាសឱ្យប្រទេសកម្ពុជាអាចទាក់ទាញជំនឿទុកចិត្តពីអ្នកវិនិយោគទុន បង្កើតការងារ រក្សាការងារ និងបង្កើនការងារជូនប្រជាពលរដ្ឋ ជាពិសេសយុវជនក្រោមការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់សម...








