ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កូរ៉េ ឆ្នាំ២០២៤ សម្រេចបាន ៧៦២លានដុល្លារកើនឡើងជាង១១ភាគរយ

គិតត្រឹមចុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សាធារណរដ្ឋ​កូរ៉េ សម្រេចបាន ៧៦២លានដុល្លារអាម៉េរិក​កើនឡើង១១,៤៩ភាគរយ ក្នុងនេះការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើន​ឡើង ១៣,៧៧ភាគរយ។នេះបើយោងតាមរបាយការណ៍​របស់ក្រសួង​ពាណិជ្ជកម្ម។

ទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្រសួងពាណិជ្ជ​កម្ម​បានបញ្ជាក់ថា​កិច្ចប្រជុំលើកទី១នៃគណៈ​កម្មា​ធិការ​​ចម្រុះកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នៅសាធារណរដ្ឋកូរ៉េបានអនុម័ត​លើវិធាននៃនីតិវិធីសម្រាប់​គណៈ​កម្មា​ធិការចម្រុះ,ពិនិត្យនិង​ផ្តល់​អនុសាសន៍លើលទ្ធផល នៃកិច្ចពិភាក្សារបស់ គណៈកម្មការក្រោម​ចំណុះចំនួន៣ រួមមាន៖ (១)-គណៈកម្មការ ពាណិជ្ជកម្មទំនិញ (២)-គណៈកម្មការវិធានដើមកំណើតទំនិញ និង នីតិវិធីគយ និង(៣)-គណៈ​កម្មការ​សហ​ប្រតិបត្តិការសេដ្ឋកិច្ច,លើកទឹកចិត្តឱ្យគណៈ​កម្មាធិកា​ររៀបចំកិច្ចប្រជុំជាទៀងទាត់ និង ប្រឹងប្រែងផ្សព្វផ្សាយពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីទាញយកប្រយោជន៍ជា​អតិបរមាពី​កិច្ចព្រមព្រៀងនេះ។

គណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក៏បានឯកភាពបន្តការពិភាក្សាដើម្បីផ្តួចផ្តើមការចរចា​លើផ្នែក​ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ និងគ្រោងរៀបចំកិច្ចប្រជុំគណៈ កម្មាធិការចម្រុះលើកទី២ នៅកម្ពុជាក្នុងឆ្នាំ​២០២៥ ព្រមទាំងជួបពិ​ភាក្សា​ជាមួយប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េ និងឯកភាព​បន្តពង្រឹងកិច្ចសហប្រតិបត្តិ​ការដើម្បី​ជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ លើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំ អេឡិចត្រូនិក យានយន្ត ការកែច្នៃកសិផល និងម្ហូបអាហារ។

គប្បីជម្រាបជូនថា ក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ ។ ទំនិញកម្ពុជា​នាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣ភាគរយ ខណៈកូរ៉េនាំចូលមានចំនួន​៤៧០,២៥ លានដុល្លារថយចុះ ១៣,​៨​ភាគរយ។នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ៕ដោយ ធូ កុសល MoINFO APP