កម្ពុជារៀបចំឯកសារនិងផ្តល់ផស្តុតាងទៅសហគមន៍អឺរ៉ុបលើគម្រោងអនុវត្តពន្ធអង្ករពីកម្ពុជាហើយករណីនេះខាង សហព័ន្ធស្រូវកម្ពុជានិងក្រសួងពាណិជ្ជកម្មបានរៀបចំឯកសារមួយចំនួននិងមេធានីអន្តរជាតិ ដើម្បីដាក់ទៅសហគមន៍អឺរ៉ុបលើគម្រោងអនុវត្តពន្ធអង្ករពីប្រទេសកម្ពុជា។
លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា កន្លងទៅសហគមន៍អឺរ៉ុបចង់អនុវត្តវិធានយកពន្ធអង្ករពីប្រទេសកម្ពុជាលើប្រភេទអង្ករស ក្រោមហេតុផលថា អង្ករកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបធ្វើអោយប៉ះពាល់ដល់ជីវភាពប្រជាកសិករអ្នកដាំដុះស្រូវនៅសហគមន៍អឺរ៉ុប ហើយវិធានការនេះ ក្រោមការស្នើសុំពីប្រទេសអ៊ីតាលីនិងប្រទេសអេស្ប៉ាញ។
លោកបានបន្តទៀតថា តាមពិតប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញបានស្នើអោយសហគមន៍អឺរ៉ុបអនុវត្តពន្ធអង្ករពីកម្ពុជារយៈពេល៣ឆ្នាំ ហើយឆ្នាំទី១ នឹងអនុវត្តពន្ធអង្ករកម្ពុជាចំនួន ១៧៥ អឺរ៉ូក្នុង១ តោន ឆ្នាំទី២ ចំនួន ១៥០ អឺរ៉ូក្នុង ១តោន និងនៅឆ្នាំទី៣ចំនួន ១២៥អឺរ៉ូ ក្នុង១តោន ដែលតាមពិតទៅចំនួនអង្ករកម្ពុជានាំចេញទៅសហគមន៍អឺរ៉ុបរយៈពេល៣ ឆ្នាំមកនេះបានធ្លាក់ចុះទាំងបរិមាណនិងភាគរយ។
លើសពីនេះអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាទទួចអោយសហគមន៍អឺរ៉ុបកុំយកហេតុផលផ្សេងៗ ដូចជា បញ្ហានយោបាយមកពាក់ព័ន្ធផ្នែកពាណិជ្ជកម្ម ដែលប្រទេសជាសមាជិកអាស៊ានមានកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ WTO ផងដែរ។
លោក នង វាសនា បានបន្ថែមថា ប្រទេសអ៊ីតាលី និងអេស្ប៉ាញ បានដាក់វិធានការយកពន្ធអង្ករពីកម្ពុជាទៅសហគន៍អឺរ៉ុបកាលពីខែមិនាឆ្នាំ២០១៨ នេះ ហើយសហព័ន្ធស្រូវអង្ករកម្ពុជាបានធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ ហើយបានជួលមេធាវីអន្តរជាតិមួយក្រុម ដើម្បីតតាំងនិងបានដាក់ញាត្តិផ្តល់សត្តុតាងមួយចំនួន។
សម្រាប់ ឯកឧត្តម ប៉ែន សុវិជាតិ តំណាងក្រសួងពាណិជ្ជកម្មក៏បានសំណូមពរដល់សហគមន៍អឺរ៉ុប (EU) ផងដែរថា ប្រសិនបើសហគមន៍អឺរ៉ុបពិតជាដាក់នូវវិធានការឬក៏ដកការលើកលែងពន្ធលើការនាំចូលអង្ករពីកម្ពុជាពិតមែនហាក់បីដូចជាបំផ្លាញនូវអ្វីទាំងអស់ដែលសហគមន៍ ក៏ដូចជាបណ្តារប្រទេសមួយចំនួនកន្លងមកធ្លាប់ជួយមកលើកម្ពុជា ជាពិសេសគឺតាមរយៈគម្រោងរបស់AFD បារាំងដែលបានជួយមកលើកម្ពុជា។
រយៈពេល ១០ ខែឆ្នាំនេះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុបមានជាង២១ ម៉ឺនតោន តំបន់អាស៊ានមានជិត៤៦ ពាន់តោន និងតំបន់ផ្សេងៗទៀតមានជាង១៨ ម៉ឺនតោន។ ដោយឡែក ប្រទេសដែលនាំអង្ករចូលច្រើនជាងគេពីកម្ពុជាគឺមានប្រទេសចិន ចំនួន១១ ម៉ឺន៣ ពាន់ ៥៣៧តោន ប្រទេសបារាំងចំនួន៦ម៉ឺន៤ពាន់ ០៣២តោន និងប្រទេសម៉ាឡេស៊ីមានចំនួន៣ម៉ឺន២ពាន់ ៥៣៧ តោន។