លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC)បានជំរុញឲ្យសហគ្រាសខាតតូចនិងមធ្យមត្រូវចាប់ឱកាសឲ្យបាននៅពេលខាងមុខ ដើម្បីចាប់ដៃគូរវិនិយោគនិងក្រុមហ៊ុនធំៗមកពីជប៉ុន ខណៈដែលកន្លងទៅទស្សនកិច្ចរបស់សម្តេតេជោទៅជប៉ុនបានបង្ហាញពីការលើកទឹកចិត្ត និងការទាក់ទាញវិនិយោគ ជប៉ុនដែលមានបំណងមកវិនិយោគនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា អ្នកវិនិយោគជប៉ុននេះក៏នឹងផ្ដល់ផលប្រយោជនជាច្រើនដល់សហគ្រាសធុនតូច និងមធ្យម ផងដែរ ជាពិសេស ការផ្ទេរបច្ចេកវិទ្យានិងការធ្វើជាដៃគូសហការដើម្បីការពង្រីកទីផ្សារថែមទៀតផង ។
លោកឧកញ៉ាអះអាងទៀតថា«សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាគួរតែចាប់ឱកាសឲ្យបាននៅពេលខាងមុខ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានបើកច្រកឲ្យមានការវិនិយោគច្រើនពីប្រទេសជប៉ុនហើយនេះជាឱកាសមួយដ៏ល្អ សម្រាប់អ្នកវិនិយោគកម្ពុជាអាចចាប់ដៃគូរពាណិជ្ជកម្មនិងវិនិយោគក្នុងរយៈពេលវែងដើម្បីកែច្នៃកសិផលកម្ពុជាដែលមានស្រាប់»។
សម្រាប់អ្នកវិនិយោគខាងលើអះអាងទៀតថា ការលប់ចោលនូវពន្ធកាត់ទុក ១%ថ្មីៗនេះ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជាច្រើនបន្តការវិនិយោគនៅកម្ពុជាជាពិសេសក្រុមហ៊ុនចាស់ៗ ដែលផុតការលើកទឹកចិត្តក្រោមគម្រោងវិនិយោគ និងហើយនេះក៏ជាការលើកទឹកចិត្តបន្ថែមទៀត ចំពោះអ្នកដែលមានបំណងចង់វិនិយោគត្រឹមកម្រិតសហគ្រាសធុនតូច និងមធ្យម ។
ចំពោះពន្ធកាត់ទុក ១% ឬហៅថាពន្ធរំដោះលើប្រាក់ចំណេញនេះគឺជាបន្ទុករបស់វិស័យឯកជនដែលតម្រូវបង់ជួនរដ្ឋប្រចាំខែហើយត្រូវទូទាត់វិញនៅចុងឆ្នាំ ប្រសិនបើពន្ធលើប្រាក់ចំណេញ ២០% ចុងឆ្នាំតូចជាងពន្ធកាត់ទុក ១% នោះពន្ធកាត់ទុកនេះនឹងត្រូវក្លាយទៅជាពន្ធអប្បបរមានោះ ។
កន្លងទៅដ្ឋាភិបាលកម្ពុជាបានកំណត់នូវប្រភេទឧស្សាហកម្មអាទិភាពចំនួន៥ រួមមាន ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារផ្ដល់តម្លៃបន្ថែមខ្ពស់មានភាពច្នៃប្រឌិតនិងភាពប្រកួតប្រជែងខ្ពស់ សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព ខាងផលិតកម្ម កសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក ។
លើសពីនេះអ្នកវិនិយោគបន្ថែមថា ប្រភេទឧស្សាហកម្មគាំទ្រ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្ម បម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តម្លៃសកល និងប្រភេទឧស្សាហកម្មបម្រើឲ្យសែសង្វាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។