អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ កៅ ថាច និងសហការី បានចូលរួមជាសង្ខីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងផលិតកម្មដំណាំស្រូវតាមកិច្ចសន្យា រវាងសហគមន៍កសិកម្មចំនួន១៦ ជាមួយរោងម៉ាស៊ីនកិនស្រូវ ឈុន ធំ លើការផលិតកម្មគ្រាប់ពូជស្រូវចំណីមពូជស្រូវសែនក្រអូប និងផ្ការំដូល លើផ្ទៃដី៧១៨ ហិកតា ដោយមានការជួយជ្រោមជ្រែងពីកម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice SDP) និងគាំទ្រគម្រោងដោយធនាគារអភិវឌ្ឍន៍ជនបទ(RDB)លើការផ្តល់ទុនកម្ចីដល់រោងម៉ាស៊ីនសម្រាប់ទិញពូជស្រូវពីសហគមន៍កសិកម្ម ។
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានអបអរសាទរដល់បងប្អូនសហគមន៍ទាំង១៦ និងរោងម៉ាស៊ីនស្រូវឈុន ធំ ដែលសម្រេចបានដល់ការចុះកិច្ចព្រមព្រៀងកសិកម្មតាមកិច្ចសន្យាក្នុងការផលិតពូជស្រូវសុទ្ធសម្រាប់ផលិតអង្ករមានតំលៃលក់នៅទីផ្សារក្នុងស្រុក និងនៅបរទេស ដែលការណ៍នេះធានាបាននូវនិរន្តភាពទីផ្សារពូជស្រូវរបស់បងប្អូនកសិករ។
លោក កៅ ថាច បានមានប្រសាសន៍ថា កន្លងមកក្នុងឆ្នាំ២០១៦ ក្នុងតំបន់ខ្លះ ទិន្នផលស្រូវរបស់បងប្អូនមានការធ្លាក់ចុះដោយសារកត្តាអាកាសធាតុ និងកត្តាបញ្ហាមួយចំនួនជាហេតុធ្វើអោយតំលៃស្រូវមានការធ្លាក់ចុះបើប្រៀនធៀបទៅបណ្តាឆ្នាំមុនៗ។ ក៏ប៉ុន្តែទន្ទឹមនេះបញ្ហាធំបំផុតនោះដែលរួមចំណែកធ្វើអោយផលស្រូវធ្លាក់ចុះ គឺមកពីបងប្អូនប្រជាកសិករមួយចំនួនបានដាំដុះពូជស្រូវមិនសុទ្ធល្អទើបធ្វើអោយទិន្នផលធ្លាក់ និងមិនសូវបានផលល្អជាហេតុធ្វើអោយឈ្មួញបង្អាប់តំលៃ។
លោកអគ្គនាយកមានជំនឿថា តាមរយៈកិច្ចព្រមព្រៀងផ្គត់ផ្គង់ពូជស្រូវ ដោយកំណត់តំលៃលក់ច្បាស់លាស់ពីរោងម៉ាស៊ីន ឈុន ធំនេះ នឹងធ្វើអោយការផលិតរបស់បងប្អូនមាននិរន្តភាពហើយនៅរដូវខាងមុខបងប្អូនកសិករក្នុងតំបន់ខេត្តព្រៃវែងនឹងមានពូជស្រូវសុទ្ធល្អសម្រាប់ដាំដុះ។
ធនាគារអភិវឌ្ឍន៍ជនបទបានត្រៀមរៀបចំហិរញ្ញប្បទានឥណទានរួចជាស្រេចដើម្បីធ្វើការគាំទ្រដល់សហគមន៍កសិកម្មសម្រាប់គំរោងផលិតពូជស្រូវសុទ្ធនេះដោយអត្រាការប្រាក់អនុគ្រោះបំផុត។ទន្ទឹមនេះក៏បានបើកការិយាល័យចល័តរបស់ខ្លួននៅក្នុងទីរួមខេត្តព្រៃវែងរួចហើយ ដូចនេះបងប្អូន សហគមន៍អាចធ្វើការទំនាក់ទំនងដើម្បីសាកសួរព័ត៍មាន និងធ្វើការកម្ចីពីការិយាល័យចល័យរបស់ធនាគារអភិវឌ្ឍន៍ជនបទបានដោយមិនចាំបាច់ឡើងទៅភ្នំពេញឡើយ។
លោកអគ្គនាយកក៏បានសំណូមពរដល់បងប្អូនសហគមន៍ផលិតពូជស្រូវ សូមធ្វើការផលិតប្រកបដោយគុណភាពខ្ពស់ និងមានបទដ្ឋានច្បាស់លាស់ ដោយឡែកស្នើសុំអោយមានជំនួយបច្ចេកទេសពីមន្ទីកសិកម្មខេត្តដើម្បីត្រួតពិនិត្យមើលគុណភាពពូជស្រូវ មុនធ្វើការផ្គត់ផ្គង់ចូលទីផ្សារ និងបន្តស្នើ សុំការ គាំទ្រគំរោងនេះពីសំណាក់អាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក និងថ្នាក់ខេត្តផងដែរ។
តាមរយៈកិច្ចព្រមព្រៀងនៅថ្ងៃនេះនឹងនាំអោយមានការផ្តាស់ប្តូរជាវិជ្ជាលើការដាំដុះស្រូវ កាត់បន្ថយបានថ្លៃដើមផលិត និងបង្កើនទិន្នផលខ្ពស់ក្នុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មរបស់កសិករផងដែរ។
នៅទូទាំងខេត្តព្រៃវែងមានផ្ទៃដីសម្រាប់ផលិតកម្មស្រូវចំនួន២៧៥.០០០ហិកតា ហើយផ្ទៃដីដែលផលិតបានទាំងស្រូវវស្សានិងស្រូវប្រាំងចំនួន២៨០.០០០ហិកតា។ បរិមាណទិន្នផលស្រូវសរុបទទួលបានប្រមាណ១.៤០០.០០០តោន បរិមាណស្រូវនៅសល់លើសពីតម្រូវការប្រើប្រាស់ក្នុងខេត្ត សម្រាប់ធ្វើការនាំចេញប្រមាណ៩៥០.០០០តោន។
កន្លងមកប្រជាកសិករតែងប្រឈមបញ្ហាទីផ្សារសម្រាប់លក់ទិន្នផលស្រូវដែលផលិតបាន។ មូលហេតុការប្រើប្រាស់ពូជស្រូវភាគច្រើនជាប្រភេទពូជស្រូវមិនមានតំលៃខ្ពស់លើទីផ្សារ បណ្តាលឱ្យពិបាកក្នុងការទទួលប្រាក់ចំណេញ ឬទូទាត់ចំណាយផលិតកម្ម។
ដោយឡែកស្ថានភាពរបស់រោងម៉ាស៊ីនកិនស្រូវដែលនៅក្នុងខេត្តព្រៃវែងវិញ ភាគច្រើនបាននិងកំពុងកង្វះទុនបង្វិលសម្រាប់ប្រមូលទិញស្រូវពីកសិករនៅក្នុងកំឡុងពេលប្រមូលផល ដែលធ្វើឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវមិនអាចស្តុក និងសម្ងួតសម្រាប់កែច្នៃលក់ ទៅកាន់ទីផ្សារបានទាន់ពេល វេលាឡើយ។
យ៉ាងណាម៉ិញការអនុវត្តផលិតកម្មដំណាំស្រូវតាមកិច្ចន្យារវាងសហគមន៍កសិកម្ម ជាមួយរោងម៉ាស៊ីនកិនស្រូវ ក៏ពិបាកក្នុងអនុវត្តផងដែរ ដោយសារម្ចាស់រោងម៉ាស៊ីនមិនមានថវិកាគ្រប់គ្រាន់សម្រាប់ទូទាត់ឱ្យសហគមន៍បានទាន់ពេលវេលា ហេតុនេះកសិករត្រូវបង្ខំចិត្តលក់ឱ្យឈ្មួញនាំចេញទៅ ក្រៅ ប្រទេស។