ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារ​អភិវឌ្ឍន៍ជនបទ មាន​ទុន ៩០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី ដល់​រោង​ម៉ាស៊ីនកិនស្រូវ 

​ភ្នំពេញ​៖ លោកកៅ ថាច​ អគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ មាន​ទុន​សរុប ៩០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី​ដល់​រោង​ម៉ាស៊ីនកិនស្រូវ ប្រមូល​ទិញស្រូវ ក្នុង​បំណង​ទប់ស្កាត់​ការធ្លាក់​ថ្លៃ​ ។ ហើយធនាគារ​អភិវឌ្ឍន៍ជន បទ មាន​ចំនួន ៤០​លាន​ដុល្លារ និង​ថវិកា​របស់​រាជរដ្ឋាភិបាល ចំនួន ៥០ លាន​ដុល្លារ​ ។

លោកកៅ ថាច អគ្គនាយក​នៃធនាគារ​អភិវឌ្ឍន៍ជនបទ បានឲ្យដឹងបែបនេះ ​ក្នុង​សន្និសីទកាសែត​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩ ។

លោកអគ្គនាយក​ បាន​បញ្ជាក់ថា  ធនាគារ​អភិវឌ្ឍន៍ជនបទ បានទទួល​នូវ​ពាក្យស្នើសុំ​ខ្ចី​ពី​រោង​ម៉ាស៊ីន កិនស្រូវ ចំនួន ១៥ ដែលមាន​ថវិកា​សរុប១៩,៩ លាន​ដុល្លារ​ ។ ដើម្បី​ត្រៀម​ទិញស្រូវ នៅពេល​កសិករ​ប្រមូល​ផល​នៅ​រដូវ​ច្រូតកាត់ នៅក្នុង​ខែមករា ឆ្នាំ​២០២០ ខាងមុខនេះ ​។​

​លោក ម៉ាក់ សឿន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បន្ថែមថា នៅពេលនេះ តម្លៃ​ស្រូវ ស្ថិតនៅ​សមរម្យ នៅ​ប្រទេស​កម្ពុជា​យើង ដូចជា ស្រូវ​សុ​ម៉ាលី ស្រូវ​ផ្ការំដួល ថ្លៃ​នៅ​ចន្លោះ ១០០០ ទៅ ១៣០០ រៀល ក្នុង១​គីឡូក្រាម ទៅតាម​តំបន់ និង​ទៅតាម​គុណភាព​។ ចំពោះ​ស្រូវ​អង្ក​រ នៅមាន​តម្លៃ​ចាប់ពី ៦៨០ រៀល ទៅ ៨០០ រៀល ក្នុង ១​គីឡូក្រាម។

​លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានបញ្ជាក់​ពី​តម្លៃ​ស្រូវ​ថា អំឡុងពេល​ប្រមូល​ផល​លើក​ទី​១ កាលពី​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ​២០១៩ តម្លៃ​ស្រូវ​សែន​ក្រអូប ថ្លៃ ១១៥០ រៀល ទៅ ១២៥០ រៀល ក្នុង ១​គីឡូក្រាម​។

​លោក​ឧកញ៉ា បញ្ជាក់ថា  នៅ​ខែកញ្ញា ឆ្នាំ​២០១៩ យើង​លក់​អង្ករ បាន​តម្លៃ ៧៥០ ដុល្លារ ទៅ ៧៨០ ដុល្លារ ក្នុង១​តោន​។ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០១៩ តម្លៃ​អង្ករ នៅ​ទីផ្សារ​អន្តរជាតិ ចុះថោក គឺ​ចុះ ១០%​។ ដូច្នេះ​នាំ​ឲ្យ​ស្រូវ​យើង ចុះ​ដែរ​។ តែ​ភ្លាមៗ រាជរដ្ឋាភិបាល បាន​ទម្លាក់​លុយ ដើម្បី​រោង​ម៉ាស៊ីនកិនស្រូវ ទិញស្រូវ​ស្តុក​ទុក កុំ​ឲ្យ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ទៀត​។ មកដល់​សព្វថ្ងៃ សហព័ន្ធ​ស្រូវ​អង្ករ មាន​សមាជិក ១៣៥ រោង​ម៉ាស៊ីនកិនស្រូវ ហើយ​រោង​ម៉ាស៊ីនកិនស្រូវ​យើង បាន​ទិញស្រូវ​ស្តុក​ទុក​ចំនួន ៣២ ម៉ឺន​តោន នៅក្នុង​ឃ្លាំង​ ដែលជា​ប្រភេទ​អង្ករ​ក្រអូប ហើយ​ស្រូវ​ទាំងអស់នេះ កិន​ដើម្បី​នាំចេញ នៅក្នុង​ខែវិច្ឆិកា និង​ខែធ្នូ​។​

​លោក​ឧកញ៉ា សុង សារ៉ន បញ្ជាក់ថា យើង​មាន​ប្រទេស​ចិន ហុងកុង សឹង្ហ​បុរី ព្រុយ​ណេ និង​ម៉ាឡេស៊ី​។ ការកែច្នៃ​កិន​ទៅកាន់​ប្រទេស​ចិន យើង​អាច​ធ្វើបាន ហើយ​យើង​បាន​បន្ថែម​រោង​ម៉ាស៊ីនកិនស្រូវ ចំនួន ១៨ ទៀត​។ ដូច្នេះ​យើង​អាច​កិនស្រូវ ដើម្បី​នាំចេញ​អង្ករ ៤០​ម៉ឺន​តោន ទៅកាន់​ប្រទេស​ចិន ក្នុង ១​ឆ្នាំ យើង​អាចទៅរួច​។ ទី​២ ទីផ្សារ​របស់​យើង នៅ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក ទីផ្សារ​អាហ្វ្រិក​។ ប៉ុន្តែ​ទីផ្សារ​នៅ​សហគមន៍​អឺរ៉ុប គឺ​យើង​ពេញ​ទៅហើយ ត្បិត​គេ​ដាក់​របា​ពន្ធ តែ​យើង​អាច​រក្សាបាន​នូវ​កំណើន​នៃ​ការនាំចេញ​អង្ករ​​ក្រអូប ទៅកាន់​ទីផ្សារ​សហគម​ន៍​អឺរ៉ុប​។​ ដោយឡែក ទីផ្សារអាស៊ាន យើងកើនជាង ២០​% ដែល​យើង​សំដៅទៅលើប្រទេស​ម៉ាឡេស៊ី និងសឹង្ហបុរី​។ ប្រទេសផ្សេងៗ ប្រទេសនៅអាហ្វ្រិក អូស្ត្រាលី តាម​កោះ ក៏យើង​កើន​​ដែរ​។

​ជាមួយគ្នានេះ លោក​ឧកញ៉ា សុង សារ៉ន បាន​អបអរសាទរ ដែល​រាជរដ្ឋាភិបាល បាន​ទម្លាក់​ទុន ៥០​លាន​ដុល្លារ សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ ខ្ចី​ទិញស្រូវ​ ។ ថវិកា​នេះ ត្រូវបាន​លោក​ឧកញ៉ា សុង សារ៉ន បញ្ជាក់ថា គ្រប់គ្រាន់​សម្រាប់​ប្រមូល​ទិញស្រូវ​សែនក្រ​អូ​បប ក្នុងពេល​ប្រមូល​ផល​វគ្គ​២ នៅ​ខែធ្នូ និង​ខែមករា​ខាងមុខនេះ​៕​