វិនិយោគិនជប៉ុនមួយក្រុមខំស្កាត់មកស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ក្នុងនោះពួកគេក៏កំពុងបំពេញទស្សនកិច្ច និងសម្លឹងមើលសក្ដានុពលមួយចំនួនលើវិស័យទេសចរណ៍នៅខេត្តកែប និងបានជួបពិភាក្សាជាមួយលោក ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យទេសចរណ៍ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
រដ្ឋមន្ត្រី ថោង ខុន ជំនួបពិភាក្សានេះធ្វើនាព្រលប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅភោជនីយដ្ឋានថ្ងៃបាំងឆ័ត្រ ខេត្តកែបលោកបានជម្រាបជូនក្រុមវិនិយោគិនជប៉ុនអំពីសក្ដានុពលលើវិស័យទេសចរណ៍នៅខេត្តកែប ពិសេសគឺឆ្នេរអង្កោល និងកោះទន្សាយ ដែលអាចវិនិយោគទៅជាតំបន់ទេសចរណ៍ថ្មី ព្រោះជាឆ្នេរនេះជាឆ្នេរធម្មជាតិ តែមិនទាន់មានការអភិវឌ្ឍឱ្យបានលេចធ្លោរនៅឡើយ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រសិនបើឆ្នេរនេះត្រូវអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍បានល្អវានឹងក្លាយជាមេដែកដ៏សំខាន់ក្នុងការស្រូបយកភ្ញៀវទេសចរពីគ្រប់ទិសទី ខណៈរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកខេត្តកែបជាតំបន់់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់ ហើយខេត្តកែបបច្ចុប្បន្នក៏មានឆ្នេរកែបរួចហើយដែរ ដែលកំពុងទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន។
លោករដ្ឋមន្ត្រីបានបន្តថា បច្ចុប្បន្ន ក្រសួងទេសចរណ៍កំពុងសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែបហើយកំពុងត្រូវការអ្នកជំនាញបន្ថែមទៀតផងដែរ ដើម្បីសម្រេចកិច្ចការងារនេះ សំដៅអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តនេះកាន់តែមានភាពរីកចម្រើនខ្លាំងឡើង ខណៈឆ្នេរសមុទ្រកម្ពុជាក៏បានជាប់ជាឆ្នេរស្អាតជាងគេបំផុតលើពិភពពលោក របស់ក្លឹបឆ្នេរសមុទ្រស្អាតជាងគេបំផុតលើពិភពលោក។
បច្ចុប្បន្ន ផ្សារក្ដាមនៅខេត្តកែបក៏កំពុងទទួលបានគម្រោងអភិវឌ្ឍន៍ទៅជាផ្សារទេសចរណ៍ ដែលមានអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ ក្រោមគម្រោងអភិវឌ្ឍន៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្រៅពីនេះ លោករដ្ឋមន្រ្តីបានណែនាំពីឱកាសវិនិយោគលើវិស័យទេសចរណ៍នៅតំបន់ផ្សេងទៀត ដូចជាតំបន់កសិទេសចរណ៍កូនសត្វ ខេត្តកំពត ដែលមានចម្ការម្រេច ចម្ការផ្សេងទៀត ហើយក៏ស្ថិតនៅមិនឆ្ងាយពីខេត្តកែបប៉ុន្មានដែរ។ តំបន់ទេសចរណ៍ធម្មជាតិទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដែលកំពុងរង់ចាំអ្នកវិនិយោគទៅធ្វើការវិនិយោគអភិវឌ្ឍន៍ឱ្យកាន់តែមានសក្ដានុពលទាក់ទាញ។
ក្រុមអ្នកវិនិយោគជប៉ុនខាងលើនេះ ក៏មានការចាប់អារម្មណ៍លើរមណីយដ្ឋានធម្មជាតិទេទឹកពុះផងដែរ ដោយបង្ហើបឱ្យដឹងថា តំបន់នោះនៅមានលទ្ធភាពជំរុញឱ្យមានការរីកចម្រើនលើសពីពេលបច្ចុប្បន្ន ហើយក្រុមនេះនឹងពិចារណាលើចំណុចនេះ។
ក្រុមវិនិយោគិនជប៉ុនក៏មានការពេញចិត្តយ៉ាងខ្លាំង ចំពោះសម្រស់ផ្កាថ្មនៅសមុទ្រកម្ពុជាផងដែរ ពិសេសខេត្តព្រះសីហនុ ខេត្តកែបជាដើម។ កម្ពុជាបានបង្ហាញសុទិដ្ឋិនិយមថា ការវិនិយោគនៅតំបន់ទេសចរណ៍ទាំង៣ខាងលើនេះជប៉ុនប្រាកដជាអាចធ្វើទៅបាន ព្រោះអ្នកវិនិយោគិនជប៉ុនមានជំនាញលើការអភិវឌ្ឍវិស័យទេសចរណ៍ប្រភេទនោះស្រាប់៕