ភ្នំពេញ៖ លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ មានទុនសរុប ៩០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ប្រមូលទិញស្រូវ ក្នុងបំណងទប់ស្កាត់ការធ្លាក់ថ្លៃ ។ ហើយធនាគារអភិវឌ្ឍន៍ជន បទ មានចំនួន ៤០លានដុល្លារ និងថវិការបស់រាជរដ្ឋាភិបាល ចំនួន ៥០ លានដុល្លារ ។
លោកកៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានឲ្យដឹងបែបនេះ ក្នុងសន្និសីទកាសែតរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ។
លោកអគ្គនាយក បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលនូវពាក្យស្នើសុំខ្ចីពីរោងម៉ាស៊ីន កិនស្រូវ ចំនួន ១៥ ដែលមានថវិកាសរុប១៩,៩ លានដុល្លារ ។ ដើម្បីត្រៀមទិញស្រូវ នៅពេលកសិករប្រមូលផលនៅរដូវច្រូតកាត់ នៅក្នុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ ។
លោក ម៉ាក់ សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្ថែមថា នៅពេលនេះ តម្លៃស្រូវ ស្ថិតនៅសមរម្យ នៅប្រទេសកម្ពុជាយើង ដូចជា ស្រូវសុម៉ាលី ស្រូវផ្ការំដួល ថ្លៃនៅចន្លោះ ១០០០ ទៅ ១៣០០ រៀល ក្នុង១គីឡូក្រាម ទៅតាមតំបន់ និងទៅតាមគុណភាព។ ចំពោះស្រូវអង្ករ នៅមានតម្លៃចាប់ពី ៦៨០ រៀល ទៅ ៨០០ រៀល ក្នុង ១គីឡូក្រាម។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ពីតម្លៃស្រូវថា អំឡុងពេលប្រមូលផលលើកទី១ កាលពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០១៩ តម្លៃស្រូវសែនក្រអូប ថ្លៃ ១១៥០ រៀល ទៅ ១២៥០ រៀល ក្នុង ១គីឡូក្រាម។
លោកឧកញ៉ា បញ្ជាក់ថា នៅខែកញ្ញា ឆ្នាំ២០១៩ យើងលក់អង្ករ បានតម្លៃ ៧៥០ ដុល្លារ ទៅ ៧៨០ ដុល្លារ ក្នុង១តោន។ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៩ តម្លៃអង្ករ នៅទីផ្សារអន្តរជាតិ ចុះថោក គឺចុះ ១០%។ ដូច្នេះនាំឲ្យស្រូវយើង ចុះដែរ។ តែភ្លាមៗ រាជរដ្ឋាភិបាល បានទម្លាក់លុយ ដើម្បីរោងម៉ាស៊ីនកិនស្រូវ ទិញស្រូវស្តុកទុក កុំឲ្យតម្លៃស្រូវធ្លាក់ចុះទៀត។ មកដល់សព្វថ្ងៃ សហព័ន្ធស្រូវអង្ករ មានសមាជិក ១៣៥ រោងម៉ាស៊ីនកិនស្រូវ ហើយរោងម៉ាស៊ីនកិនស្រូវយើង បានទិញស្រូវស្តុកទុកចំនួន ៣២ ម៉ឺនតោន នៅក្នុងឃ្លាំង ដែលជាប្រភេទអង្ករក្រអូប ហើយស្រូវទាំងអស់នេះ កិនដើម្បីនាំចេញ នៅក្នុងខែវិច្ឆិកា និងខែធ្នូ។
លោកឧកញ៉ា សុង សារ៉ន បញ្ជាក់ថា យើងមានប្រទេសចិន ហុងកុង សឹង្ហបុរី ព្រុយណេ និងម៉ាឡេស៊ី។ ការកែច្នៃកិនទៅកាន់ប្រទេសចិន យើងអាចធ្វើបាន ហើយយើងបានបន្ថែមរោងម៉ាស៊ីនកិនស្រូវ ចំនួន ១៨ ទៀត។ ដូច្នេះយើងអាចកិនស្រូវ ដើម្បីនាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន ក្នុង ១ឆ្នាំ យើងអាចទៅរួច។ ទី២ ទីផ្សាររបស់យើង នៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ទីផ្សារអាហ្វ្រិក។ ប៉ុន្តែទីផ្សារនៅសហគមន៍អឺរ៉ុប គឺយើងពេញទៅហើយ ត្បិតគេដាក់របាពន្ធ តែយើងអាចរក្សាបាននូវកំណើននៃការនាំចេញអង្ករក្រអូប ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប។ ដោយឡែក ទីផ្សារអាស៊ាន យើងកើនជាង ២០% ដែលយើងសំដៅទៅលើប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី។ ប្រទេសផ្សេងៗ ប្រទេសនៅអាហ្វ្រិក អូស្ត្រាលី តាមកោះ ក៏យើងកើនដែរ។
ជាមួយគ្នានេះ លោកឧកញ៉ា សុង សារ៉ន បានអបអរសាទរ ដែលរាជរដ្ឋាភិបាល បានទម្លាក់ទុន ៥០លានដុល្លារ សម្រាប់រោងម៉ាស៊ីនកិនស្រូវ ខ្ចីទិញស្រូវ ។ ថវិកានេះ ត្រូវបានលោកឧកញ៉ា សុង សារ៉ន បញ្ជាក់ថា គ្រប់គ្រាន់សម្រាប់ប្រមូលទិញស្រូវសែនក្រអូបប ក្នុងពេលប្រមូលផលវគ្គ២ នៅខែធ្នូ និងខែមករាខាងមុខនេះ៕