ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមនៅថ្ងៃចន្ទ ទី០៦ ខែមករានេះ ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសអ៊ីរ៉ាក់ ប្រសិនបើអ៊ីរ៉ាក់ហ៊ានសម្រេចបណ្តេញកងទ័ពអាមេរិកចេញពីប្រទេសនេះ ទៅតាមការអំពាវនាវរបស់រដ្ឋសភា ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
ការគម្រាមរបស់លោក ត្រាំ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋសភាអ៊ីរ៉ាក់ បានបើកកិច្ចប្រជុំវិសាមញ្ញមួយ កាលពីថ្ងៃអាទិត្យ ទី០៥ ដដែលនេះ ហើយសមាជិកសភាបានអំពាវនាវអោយប្រមុខដឹកនាំរដ្ឋាភិបាល បណ្តេញកងទ័ពបរទេសចេញពីប្រទេសនេះ ។
ភាពតានតឹងរវាងអ៊ីរ៉ាក់ និងអាមេរិក បានកើតឡើងក្រោយពីលោក ដូណាល់ ត្រាំ បានបញ្ជាកងទ័ពរបស់ខ្លួនអោយប្រើយានដ្រូនបាញ់មីស៊ីលសម្លាប់ឧត្តមសេនីយ៍ ហ្កាសេម សូឡីម៉ានី (Qassem Soleimani) ប្រមុខដឹកនាំអង្គភាពសម្រាំងនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងឧត្តមសេនីយ៍ អាប៊ូ ម៉ាឌី អាល់ មូហាន់ឌីស (Abu Mahdi al-Muhandis) អគ្គមេញ្ជាការកងទ័ពចលនាប្រជាជនអ៊ីរ៉ាក់ នៅលើទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃសុក្រ ទី០៣ ខែមករានេះ ។
ការសម្លាប់ឧត្តមសេនីយ៍ទាំងពីរនេះនៅលើទឹកដីអ៊ីរ៉ាក់ បានធ្វើអោយអ្នកនយោបាយ និងប្រជាពលរដ្ឋអ៊ីរ៉ាក់ស្អប់ខ្ពើមអាមេរិកយ៉ាងខ្លាំង ដែលបានលបលួចសម្លាប់ថ្នាក់ដឹកនាំយោធាអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅលើទឹកដីអ៊ីរ៉ាក់ ដោយមិនបានជូនដំណឹងដល់រដ្ឋាភិបាលអ៊ីរ៉ាក់អោយបានដឹងជាមុន ៕