ក្នុងរយៈពេលពេញមួយខែចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលក្រុមអាជ្ញាធរនៃប្រទេសចិនបានប្រកាសពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណា (Coronavirus) ជាផ្លូវការ រហូតដល់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០នេះ វីរុសផ្លូវដង្ហើមកូរ៉ូណាបានសម្លាប់មនុស្សអស់ចំនួន២១៣នាក់ហើយ និងមនុស្សប្រមាណជិត១០០០០នាក់ផ្សេងទៀតបានឆ្លងវីរុសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អង្គការសុខភាពពិភពលោក WHO បានបើកកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុង សឺណែវ ប្រទេសស្វីស និងបានសម្រេចចិត្តប្រកាសអាសន្នជាលក្ខណៈអន្តរជាតិ ស្តីពីការគម្រាមកំហែងនៃវីរុសផ្លូវដង្ហើមកូរ៉ូណានៅជុំវិញពិភពលោក។
សូមបញ្ជាក់ជូនថា បើប្រៀបធៀបជាមួយនឹងជម្ងឺ សារស៍ (SARS) ដែលបានផ្ទុះឡើងនៅប្រទេសចិនដូចគ្នា កាលពីឆ្នាំ២០០៣ គឺវីរុសកូរ៉ូណាបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងល្បឿនលឿនជាងជម្ងឺសារស៍ ប៉ុន្តែវីរុសផ្លូវដង្ហើមកូរ៉ូណាបានសម្លាប់មនុស្សតិចជាងជម្ងឺសារស៍៕