ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកវេង សាខុន ចុះពិនិត្យស្ថានភាពទឹកជំនន់នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា

ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (វ ស អ ក ក) នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

យោងតាមរបាយ ការណ៍របស់វិទ្យាស្ថានបានឲ្យដឹងថា ឥទ្ធិពលនៃទឹកជំនន់ទឹកភ្លៀងមកពីផ្លូវជាតិ៤ និងស្ទឹងព្រែកត្នោតបានធ្វើឲ្យវាលស្រែពិសោធន៍របស់វិទ្យាស្ថានទាំងស្រូវស្រាល និងស្រូវកណ្តាលទទួលរងនូវការជន់លិចបណ្តាលខូចខាតស្ទើរតែទាំងស្រុង និងស្រូវកណ្តាលមានការប៉ះពាល់ និងខូចខាតមួយចំនួន។

លោក បណ្ឌិត អ៊ុក មករា នាយកវិទ្យាស្ថាន ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានបញ្ជាក់ថា ប្រសិនបើស្ថានភាពទឹកចាប់ផ្តើមស្រកចាប់ពីថ្ងៃនេះទៅ នៅសប្តាហ៍ក្រោយស្រូវកណ្តាលអាចប្រមូលផលបានខ្លះ។ ដោយឡែក ចំពោះអគាររដ្ឋបាល និងមន្ទីរពិសោធន៍ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់បានរួមសាមគ្គីគ្នាទាំងកាយនិងចិត្ត ទាំងយប់ ទាំងថ្ងៃដើម្បីយកបាវខ្សាច់មកទប់ទឹកមិនឲ្យហូរចូលក្នុងអគារ ហើយកន្លែងខ្លះប្រើម៉ាស៊ីនបូមរំដោះទឹក ជួយសង្គ្រោះទ្រព្យសម្បត្តិរដ្ឋពីការលិចលង់។

លោករដ្ឋមន្ត្រីបានណែនាំឲ្យវិទ្យាស្ថានរៀបចំជួសជុលហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានឲ្យបានល្អប្រសើរ និងត្រូវស្តារស្ថានភាពដំណាំស្រូវឡើងវិញតាមលទ្ធភាពដែលអាចធ្វើបាន។

លោករដ្ឋមន្ត្រីបន្តថា នេះជាបទពិសោធន៍ដែលគួរចងចាំទុកជាមេរៀនសម្រាប់ឆ្នាំបន្តបន្ទាប់។ ហើយ ត្រូវបង្កើនការយកចិត្តទុកដាក់មើលថែរក្សាទ្រព្យសម្បត្តិឲ្យបានគង់វង្សល្អ ពិសេសពូជស្រូវក្នុងឃ្លាំង ធនាគារពិន្ធុ (GEN Bank) និងមន្ទីរពិសោធន៍។ ដើម្បីជួយសម្រាលបញ្ហាប្រឈម នាឱកាសនេះ ។

សូមបញ្ជាក់ថា នាយកវិទ្យាស្ថានបានផ្តល់ស្រូវពូជសែនក្រអូបចំនួន ០៤តោន និងស្រូវពូជចម្រុះចំនួន ២០តោនទៀត ជូនរដ្ឋមន្រ្តី ទុកយកទៅចែកជូនប្រជាកសិករ ឬសហគមន៍កសិកម្មដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដើម្បីចូលរួមស្តារផលិតកម្មដំណាំស្រូវក្រោយពេលទឹកស្រក ៕