ខេត្តព្រះសីហនុ: លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ត្រូវបានលាតត្រដាងរឿងចេញប័ណ្ណកម្មសិទ្ធិដីធ្លីចំនួ ន៧ប័ណ្ណឲ្យឪពុកមារបស់ខ្លួនលើទំហំដី៣០ហិតា គ្របដណ្តប់ទៅលើព្រៃកោងកាង។
មន្ត្រីនៅខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរកាលពីថ្ងៃចន្ទទី២៩ខែវិច្ឆិកាថា ភាពមិនប្រក្រតីរបស់លោក ចេង ស្រុង ក្នុងរឿងចេញប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន៧ប័ណ្ណឲ្យឪពុកមារបស់ខ្លួនលើទំហំដី៣០ហិកតា គឺបាន គ្របដណ្តប់លើដីព្រៃកោង កាងស្ថិតនៅក្នុងភូមិព្រៃសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសី ហនុ។
មន្ត្រីខាងលើលើកឡើងថា ចំពោះភាពមិនប្រក្រតីនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី មិនគួរមើលរំលងតទៅទៀតទេ ព្រោះបានប៉ះពាល់ដល់ ដីអភិរក្សរបស់ ដែលប៉ុន្មានឆ្នាំមុខចៅហ្វាយខេត្តចាស់ លោក យន្ត មីន ធ្លាប់បានយកបង្គោលទៅដាំ ដើម្បីរក្សានឹងអភិរក្សព្រៃកោងកាងនេះផងដែរ។
ចំណែកអ្នកភូមិព្រៃសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានលើកឡើងថា ទីតាំងដែលលោក ចេង ស្រុង ចេញប័ណ្ណកម្មសិទ្ធិ៧ប័ណ្ណឲ្យឪពុកមារបស់ខ្លួនយ៉ាងស្រួលៗនោះ ជាតំបន់ព្រៃកោងកាង ជាតំបន់អភិរក្សជីវចម្រុះនៅក្នុងភូមិព្រៃសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីរាជការក្នុងមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បាននិយាយថា មួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយរបស់លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ ប៉ុន្តែមិនឃើញមានចំណាត់ការពីប្រមុខរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនៅឡើយទេ។
លើសពីនេះពួកគាតនិយាយថា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី មិនទាន់ចាត់វិធានការណាមួយទៅលើលោក ចេង ស្រុង នៅ ឡើយទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានក៏មិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ចេង ស្រុង នោះដែរ។
មន្ត្រីខាងលើបញ្ជាក់ថា ហេតុដូច្នេះហើយទើបលោក ចេង ស្រុង ដប្រធានមន្ទីរ និងលោក សេង សុខណាក់ អនុប្រធានមន្ទីរទទួលបន្ទុកពិនិត្យឯកសាររួមសហការគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់។
មន្ត្រីស្និទ្ធនិងលោក ចេង ស្រុង បាននិយាយថា ដោយសារអាងមានខ្នងបង្អែកដ៏រឹងមាំនេះហើយ ទើបលោក ចេង ស្រុង ហ៊ានចេញប័ណ្ណកម្មសិទ្ធិដីធ្លីមានភាពមិនប្រក្រតីឲ្យអ្នកមានលុយ មានអំណាចនិងឪពុកមារបស់ខ្លួនជាច្រើនប័ណ្ណដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
សារព័ត៌មាន ដេលីខ្មែរ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ មិនទាន់បានសុំការបំភ្លឺ លោក ចេង ស្រុង ដែលរងការចោទប្រកាន់ រឿងចេញប័ណ្ណកម្មសិទ្ធិដីធ្លីលើដីព្រៃកោងកាងនេះនៅឡើយទេ។
ប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការស្នើសុំអោយ លោកទេសរដ្ឋមន្រ្តី ឱមយិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាដាក់ការស៊ើបអង្កេតពាក់ព័ន្ធករណីលោកប្រធានមន្ទីររូបនេះផង ព្រោះ បានប៉ះពាល់លើដីព្រៃកោងកាងរបស់រដ្ឋ៕
ដោយ:ដេលីខ្មែរ