ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញកាត់ខ្សែបូរួមគ្នា បើកឲ្យប្រើប្រាស់ឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) បន្ទាប់ពីបានជួសជុលកែលំអរសោភ័ណភាព និងសុវត្ថិភាពរួចរាល់ ។
ការជួសជុលស្ពាននេះ គឺបានចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។ ស្ពាន ដែលត្រូវបានជួសជុលរួចស្រេចជាស្ថាពរនេះ គឺមានគុណភាពរឹងមាំល្អប្រសើរក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមវិស្វករជួសជុលរបស់ប្រទេសជប៉ុន និងកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ស្ពានជ្រោយចង្វារទី១ គឺជាស្ពានដ៏សំខាន់ឆ្លងកាត់ទន្លេសាប ដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រទេសជាតិ។ ស្ពាននេះ មានប្រវែង ៩៧១ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ស្ពាននេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយរបស់ប្រទេសជាតិ។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ ត្រូវបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម ចន្លោះពីឆ្នាំ១៩៦០-ឆ្នាំ១៩៦៣ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន មានប្រវែង ៩៧១ម៉ែត្រ ម៉ែត្រ និងទទឹង ១៣ម៉ែត្រ។ ក្រោយមក ដោយសារសង្គ្រាម ស្ពាននេះ ត្រូវបានកាត់ផ្តាច់ នៅឆ្នាំ១៩៧២ ដោយសារការដាក់បង្កៃគ្រាប់មីន នៅក្នុងរថយន្ត។
បន្ទាប់ពីខ្មែរក្រហម ដួលរលំ ស្ពានជ្រោយចង្វារ ត្រូវបានជប៉ុន ជួសជុល តភ្ជាប់ឡើងវិញ និងបានសម្ពោធដាក់ឲ្យប្រើសប្រាស់ នៅឆ្នាំ១៩៩៦ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។
គម្រោងជួសជុលកែលម្អស្ពានជ្រោយចង្វារទី១ បានធ្វើឡើង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយប្រើរយៈពេលជាង ២២ខែ ដែលគ្រោងចំណាយថវិកាប្រមាណ ៣៣លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ក៏ប៉ុន្តែដំណើរជួសជុលជាក់ស្តែង គឺរួចរាល់មុនផែនការ និងចំណាយអស់ប្រមាណតែ ៣០លានដុល្លារប៉ុណ្ណោះ៕