មហាជនរិះគន់ព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន រឿងសរសេរសង្កាត់ និងខណ្ឌព្រែកព្នៅមិនត្រូវក្នុងលិខិតជូនដំណឹងរឹបអូសដីពីជនពិការ
(ភ្នំពេញ)៖ បន្ទាប់ពីមានរឿងអាស្រូវ ត្រូវមហាជនរិះគន់ រឿងប្តូរបទចោទប្រកាន់លើក្រុមចោរជំនាញ និងដោះលែងជនសង្ស័យជាច្រើនករណី កាលពីពេលថ្មីៗនេះ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បង្ហោះលិខិតជូនដំណឹងអំពីកាលបរិច្ឆេទនៃការអនុវត្តសាលដីកា តុលាការកំពូល ដោយបានគូសសញ្ញារង្វង់ព័ណ៌ក្រហម រិះគន់ថា លោកសរសេរឈ្មោះ សង្កាត់ និងខណ្ឌ ព្រែកព្នៅ ខុសអក្ខរាវិរុទ្ធ។
នៅក្នុងលិខិតរបស់លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានជូនដំណឹងដល់កូនបំណុលឈ្មោះ មាស សុផាត ហៅ កុយ និងប្រពន្ធឈ្មោះ យ៉ាវ គឹមឆេង មានអាសយដ្ឋាន ភូមិដួង សង្កាត់ព្រែក (ភ្នៅ) ខណ្ឌព្រែក(ភ្នៅ) ដែលពាក្យ (ភ្នៅ) នេះ គឺមិនត្រឹមត្រូវនោះទេ ពាក្យដែលត្រូវគឺ ព្រែកព្នៅ មិនមែន ព្រែកភ្នៅ នោះទេ។
មតិរិះគន់បានលើកឡើងថា ក្នុងនាមជាព្រះរាជអាជ្ញារងមួយរូប មិនគួរចេញលិខិតរដ្ឋបាល ដោយមិនបានពិនិត្យឲ្យបានម៉ត់ចត់បែបនេះឡើយ ព្រោះវាអាចនាំឲ្យពលរដ្ឋមិនវាយតម្លៃតែលើបុគ្គលម្នាក់តែ បែរជាវាយតម្លៃទៅលើប្រព័ន្ធយុត្តិធម៌ទាំងមូលទៅវិញ។
ករណីលោក ហឹង ប៊ុនថន ចេញលិខិតជូនដំណឹងនេះ គឺនៅក្នុងសំណុំរឿងក្តីដ៏ចម្រូងចម្រាស់រវាង លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទទួលរងការចោទប្រកាន់ថា បានលួចធ្វើប្លង់យកដីអ្នកដទៃ នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
នៅក្នុងសេចក្តីជូនដំណឹងនេះ លោក ហឹង ប៊ុនថន គ្រោងដឹកនាំកម្លាំងសមត្ថកិច្ចឲ្យបណ្តេញលោក មាស សុផាត ចេញពីដីស្រះរបស់ខ្លួន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីរឹបអូសយកដីនេះឲ្យលោក កើត សារ៉េត ដែលខំប្រឹងតតាំងសុំតុលាការកាត់ឲ្យខ្លួន ប៉ុន្តែត្រូវបានលើកពេលដោយមិនបញ្ជាក់មូលហេតុ។
ប្រតិកម្មចំពោះវិធានការរបស់លោកព្រះរាជអាជ្ញរង ចង់បណ្តេញម្ចាស់ដីចេញនេះ អ្នកលេងបណ្តាញទំនាក់ទំនងសង្គម ជាពិសេសលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានហៅថា ជារឿងអាយុត្តិធម៌បំផុតសម្រាប់ជនពិការដោយធ្វើទាហានបម្រើជា ប៉ុន្តែបែរត្រូវរងគ្រោះដោយសារពូបង្កើតរបស់ខ្លួនដណ្ដើមយកដីទៅវិញ។
ជុំវិញករណីនេះ លោក មាស សុផាត អាយុ៦០ឆ្នាំ អតីតទាហានពិការជើងម្ខាង និងមានមុខរបរជាកសិករចិញ្ចឹមត្រី រស់នៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចោទប្រកាន់លោក កើត សារ៉េត ថាបានបំពានយកដីរបស់ខ្លួនកំពុងរស់នៅតាំងពីឆ្នាំ១៩៩២ ដែលគិតមកដល់ពេលនេះ គឺមានរយៈ២៦ឆ្នាំហើយ។
លោកបានរំឭកពីប្រវត្តិដីនេះថា កាលដើមឡើយដីនេះជាបឹង មានព្រំប្រទល់ជាប់នឹងដី លោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាពូជីដូនមួយរបស់លោកតែម្តង។
លោក មាស សុផាត បានរំឭកទៀតថា នៅក្នុងឆ្នាំ១៩៩៤ លោកបានសុំដីបឹងនេះពីរដ្ឋអំណាយមូលដ្ឋាន ដើម្បីដាំឈូក ហើយរហូតដល់ឆ្នាំ១៩៩៥ លោកបានសុំការអនុញ្ញាតពីមន្ត្រីក្នុងមូកដ្ឋានដដែលនេះ ដើម្បីជីកធ្វើស្រះចិញ្ចឹមត្រីវិញម្តង ហើយជីកបានចំនួន២ស្រះ ដើម្បីធ្វើឲ្យជីវភាពបានធូរធារជាងមុន។ ប៉ុន្តែក្រោយមកទៀត លោក កើត សារ៉េត ដែលត្រូវជាពូជីដូនមួយ និងមានដីជាប់គ្នា បានបបួលលក់ដីខាងមុខ ដូច្នេះដីនៅខាងក្រោយ ហើយចង់លក់បានថ្លៃ លោកក៏សម្រេចចិត្តវាស់វែងលក់ជាមួយគ្នា ដែលតាមពិត គឺជាល្បិចរបស់លោក កើត សារ៉េត វាស់វែងដើម្បីលួចធ្វើប្លង់រឹងយកដីរបស់គាត់តែម្តង។
លោក មាស សុផាត បានចោទលោក កើត សារ៉េត ថា «គាត់អាងអំណាចជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លួចធ្វើប្លង់យកដីខ្ញុំបាទ»។
ដោយសារមិនអស់ចិត្តនឹងការបោកប្រាស់នេះ ទើបមានការប្តឹងគ្នាទៅវិញទៅមក នៅសាលាដំបូងខេត្តកណ្តាល ដែលនៅទីនោះតុលាការបានយកតែបណ្ដឹងរបស់ កើត សារ៉េត មកពិចារណា ដោយមានចៅក្រមឈ្មោះ ស៊ិន វីរៈ ជាអ្នកកាត់ក្តីឲ្យម្ចាស់បណ្ដឹងឈ្នះ។
យោងតាមការរៀបរាប់របស់លោក មាស សុផាត បានដឹងថា ក្រោយមកភាគីអ្នកចាញ់ក្តីនៅសាលាដំបូងខេត្តកណ្តាល លោកបានប្តឹងជំទាស់ទៅសាលាឧទ្ធរណ៍ ហើយលោកចៅក្រម ប្លង់ សំណាង ក៏បានចុះអង្កេតផ្ទាល់លើដីទំនាស់ និងបានបើកសាវនាការសម្រេចក្តីឲ្យឈ្នះលោក កើត សារ៉េត។
លោកបានរៀបរាប់ទៀតថា ចំណែកលោក កើត សារ៉េត ក្រោយពីចាញ់ក្តីនៅសាលាឧទ្ធរណ៍ ក៏ប្តឹងសារទុក្ខទៅតុលាការកំពូល ដែលក្រោយមកតុលាការនេះបានបង្វិលសំណុំរឿងទៅឲ្យសាលាដំបូងខេត្តកណ្ដាលឲ្យកាត់ឡើងវិញ ប៉ុន្តែលោក កើត សារ៉េត គាត់មិនព្រមទៅសាលាដំបូងវិញទេ។ ដូច្នេះទីបំផុតតុលាការកំពូលក៏សម្រេចចេញសាលដីកាឲ្យលោកចាញ់ក្តីយ៉ាងអយុត្តិធម៌បំផុត។
ដោយចាញ់ក្តីនៅតុលាការកំពូល លោក មាស សុផាត បានសុំអង្វរសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ដល់គាត់ផង៕