ប៊ែរឡាំង៖ សកម្មជនបរិស្ថានជនជាតិស៊ុយអែតម្នាក់ ត្រូវនគរបាលអាល្លឺម៉ង់ចាប់ឃុំខ្លួនក្នុងអំឡុងពេលការតវ៉ា នៅជិតភូមិមួយក្នុងប្រទេសអាល្លឺម៉ង់ ដែលត្រូវបានវាយបំផ្លាញដើម្បីពង្រីកអណ្តូងរ៉ែធ្យូងថ្ម។
លោកស្រី ហ្គ្រេតា ថុនប៊ើក (Greta Thunberg) បានស្នាក់នៅក្នុងប្រទេសអាឡឺម៉ង់អស់រយៈពេលជាច្រើនថ្ងៃ ដើម្បីគាំទ្របាតុកម្មប្រឆាំងនឹងការរុះរើភូមិ ដែលបានក្លាយជានិមិត្តរូបនៃការតស៊ូប្រឆាំងនឹងប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅក្នុងប្រទេសអាល្លឺម៉ង់។
សកម្មជនស្លៀកពាក់ខ្មៅរូបនេះ ត្រូវបានមន្ត្រីប៉ូលិសពាក់មួកសុវត្ថិភាព ចាប់រុញចូលឡានយកទៅឃុំខ្លួន។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា សកម្មជនមួយក្រុមកំពុងជាប់ឃុំ បន្ទាប់ពីបានបំបែកចេញពីក្រុមបាតុករ។ ក្រុមមន្ត្រីកំពុងកំណត់អត្តសញ្ញាណក្រុមបាតុករ ដែលកំពុងជាប់ឃុំ និសម្រេចនៅពេលក្រោយថា ត្រូវចាត់វិធានការបន្ថែមទៀតបែបណា។
អ្នកនាំពាក្យរូបនេះបានបដិសេធថា សកម្មជនទាំងនោះមិនត្រូវបានចាប់ខ្លួន គឺគ្រាន់តែនាំខ្លួនមកសួរនាំ។
កាលពីថ្ងៃសៅរ៍ លោកស្រី ហ្គ្រេតា ថុនប៊ើក បានចូលរួមជាមួយបាតុកររាប់ពាន់នាក់ក្នុងការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការរុះរើភូមិ ដោយដើរនៅមុខក្បួនដង្ហែ។
លោកស្រីបាននិយាយថា វាជារឿងគួរឲ្យអាម៉ាស់ដែលរដ្ឋាភិបាលអាអាល្លឺម៉ង់ចុះកិច្ចព្រមព្រៀង និនិសម្រុះសម្រួលជាមួយក្រុមហ៊ុនឥន្ធនៈហ្វូស៊ីល។
កាលពីថ្ងៃច័ន្ទ សកម្មជនបរិស្ថានពីរនាក់ បានដឹកនាំអ្នកភូមិនេះ ដើម្បីតវ៉ាប្រឆាំងការកម្ទេចចោលភូមិ សម្រាប់ធ្វើផ្លូវរូងក្រោមដី ចូលទៅយករ៉ែធ្យូងថ្ម។
ភូមិនេះត្រូវបានបោះបង់ចោលមួយរយៈ ដោយសារផែនការពង្រីកអណ្តូងរ៉ែធំបំផុតមួយនៅអឺរ៉ុប ដែលគ្រប់គ្រងដោយក្រុមហ៊ុនថាមពលអាល្លឺម៉ង់។
ប៉ូលិសបានបើកប្រតិបត្តិការមួយ កាលពីសប្តាហ៍មុនដើម្បីបោសសម្អាតជំរំអ្នកតវ៉ា។ កាលពីថ្ងៃសៅរ៍ មនុស្សរាប់ពាន់នាក់ បានកាន់បដាជាមួយនឹងពាក្យស្លោថា បញ្ឈប់ការជីកយកធ្យូងថ្ម។
អ្នករៀបចំផែនការធ្វើបាតុកម្ម បានចោទប្រកាន់អាជ្ញាធរពីបទប្រើហឹង្សា បន្ទាប់ពីបានប៉ះទង្គិចគ្នារវាងប៉ូលិស និងអ្នកចូលរួម ដែលបណ្តាលឲ្យភាគីទាំងសងខាងរងរបួស។
ក្រុមហ៊ុនថាមពល បានទទួលការអនុញ្ញាតសម្រាប់ការពង្រីកអណ្តូងរ៉ែ ក្រោមកិច្ចព្រមព្រៀង និងសម្របសម្រួល ចុះហត្ថលេខាជាមួយរដ្ឋាភិបាលអាល្លឺម៉ង់។
នៅក្នុងកិច្ចព្រមព្រៀង កាលក្នុងខែតុលា ឆ្នាំ២០២២ ភូមិនេះនឹងត្រូវកម្ទេចចោល ខណៈភូមិជិតខាងចំនួនប្រាំ ត្រូវបានទុកចោល។
ដោយសារការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ព្រោះសង្គ្រាមអ៊ុយក្រែន ប្រទេសអាឡឺម៉ង់ បានងាកមកប្រើធ្យូងថ្មវិញ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ខ្លួន។
អ្នកគាំទ្រគម្រោងនេះ បាននិយាយថា ការពង្រីកអណ្តូងរ៉ែ គឺចាំបាច់ដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលរបស់ប្រទេសអាល្លឺម៉ង់ នាពេលអនាគត បន្ទាប់ពីរុស្ស៊ីឈប់ផ្គត់ផ្គង់ឧស្ម័នធម្មជាតិ។ ប៉ុន្តែសកម្មជនបរិស្ថានអះអាងថា ការទាញយកធ្យូងថ្មនេះនឹងមានន័យថា អអាល្លឺម៉ង មិនគោរពកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
នៅកន្លែងផ្សេងទៀត នាភាគខាងលិចប្រទេសអាឡឺម៉ង់ សកម្មជនបរិស្ថានរាប់សិបនាក់ បានបិទផ្លូវធំមួយ ក្នុងទីក្រុងភាគខាងលិចរបស់ប្រទេសអាល្លឺម៉ង់ និងផ្លូវទៅកាន់អគាររដ្ឋាភិបាល។
ក្រុមសកម្មជនប្រហែល១២០នាក់ ក៏បានកាន់កាប់ផ្លូវដែកសម្រាប់ដឹកធ្យូងថ្មទៅកាន់រោងចក្រថាមពល។
ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសអាល្លឺម៉ង់ បានរាយការណ៍ថា ជនណារប្រកែកមិនព្រមចាកចេញពីផ្លូវរថភ្លើង ត្រូវគេចាប់ខ្លួនយកទៅឃុំនៅប៉ុស្ត៍ប៉ូលិស៕