ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការបើកឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតារាសាគរត្រូវបានគេរំពឹងនឹងជួយទាក់ទាញដល់ទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគថ្មីៗបន្ថែមទៀត

អាកាសយានដ្ឋានដ៏ថ្មីស្រឡាងលើទឹកដីខេត្តកោះកុង គឺអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលបានធ្វើការសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្នសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរលើកដំបូង ត្រូវគេរំពឹងថានឹងជួយដល់ទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគទុនបន្ថែមទៀតនៅលើទឹកដីដ៏ស្រស់ស្អាតរបស់កម្ពុជាមួយនេះ។ ក្រោយការបើកឱ្យដំណើរការដឹកជញ្ជូនតាមផ្លូវអាកាសនេះដែរក៏ត្រូវបានគេរំពឹងផងថានឹងអាចទទួលអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំ និងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០ទៅ។

ថ្លែងក្នុងពិធីទទួលស្វាគមន៍ជើងហោះហើរជួលក្នុងស្រុក (Domestic charter flight) លើកដំបូង ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅពេលដាក់ឱ្យដំណើរការនេះ នឹងចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងស្រុក និងនៅអន្តរជាតិ និង​ដើរតួនាទីយ៉ាងសំខាន់ដោយតភ្ជាប់ជាមួយបណ្តាខេត្តដទៃទៀតនៅកម្ពុជាក្នុងនេះមានទាំងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងតំបន់សម្រាប់កម្ពុជា។

លោកបណ្ឌិតបានឱ្យដឹងបន្ថែមថា សម្រាប់ការហោះហើរដំបូងជាការចាប់ផ្តើមផ្តល់ឱកាស និងការងារថ្មីៗដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង។ ក្រៅពីនេះអាជ្ញាធរខេត្តគប្បីធ្វើការផ្សព្វផ្សាយ និងពង្រឹងយុទ្ធសាស្រ្តតាមរយៈការដឹកជញ្ជូនថ្មីមួយនេះឱ្យកាន់តែរីកចម្រើនទៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្មកាន់តែប្រសើរឡើងបន្ថែមទៀតនៅថ្ងៃខាងមុខ។

លោក លី ម៉ុងឈិន (Li Mengchen) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coastal Airport Investment (CAI) បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា អាកាសយានដ្ឋាននេះមានទីតាំងនៅតំបន់វេហាសាគរនៃតារាសាគរ តំបន់នេះគ្របដណ្តប់លើផ្ទៃដី២៣គីឡូម៉ែត្រការ៉េ គឺជាព្រលានយន្តហោះសំខាន់ និងតំបន់សេដ្ឋកិច្ចកំពង់ផែសមុទ្រនៅក្នុងតារាសាគរទាំងមូល។ អាកាសយានដ្ឋាននេះមានផ្លូវរត់ប្រវែង៣២០០ម៉ែត្រ ដែលបំពេញតាមស្តង់ដារជើងហោះហើរកម្រិត4E និងមានការរចនាឡើងដែលអាចទទួលអ្នកដំណើរបានចំនួន៧៥០០០០នាក់ គោលដៅរបស់យើងគឺកសាងទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់នៅក្នុងប្រទេសកម្ពុជាអាស៊ីអាគ្នេយ៍។

លោកបាននិយាយថា ជាជំហានដំបូង អាកាសយានដ្ឋានអន្តរជាតិតារាសាគរអាចតភ្ជាប់ជើងហោះហើរជាមួយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ខេត្តសៀមរាប។ ការខិតខំជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរក្នុងស្រុកនេះ គឺដើម្បីជាមធ្យោបាយដឹកជញ្ជូនក្នុងស្រុក ក៏ងាយស្រួល ពិសេសចូលរួមជាកម្លាំងរួមផ្សំក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ នៅឆ្នាំ២០២២ និង២០២៤ ការធ្វើតេស្តហោះហើរចាប់តាំងពីយើងបានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៦មក។ ដោយបច្ចុប្បន្ននេះផ្លូវអាកាសយានដ្ឋានប្រវែង៨,១គីឡូម៉ែត្រ ទទឹង២២,៥ ម៉ែត្រ និងផ្លូវពីរទិសមានប្រាំមួយគន្លងកំពុងត្រូវបានពន្លឿនការសាងសង់ ហើយរំពឹងថានឹងបញ្ចប់ការសាងសង់ និង ដាក់ឱ្យប្រើប្រាស់ក្នុងរដូវប្រាំងនេះ។

ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានថ្លែងថា ការចាប់ផ្តើមហោះហើររបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរនេះ នឹងជួយដល់ការចាប់អារម្មណ៍ដល់ក្រុមអ្នកវិនិយោគទុននឹងចូលមកបណ្តាក់ទុនលើទឹកដីខេត្តកោះកុងបន្ថែមទៀត ព្រមជាមួយគ្នានេះវិស័យទេសចរណ៍ក៏នឹងមានភាពល្អប្រសើរឡើងដែរ ព្រោះភ្ញៀវទេសចរជាតិ និងអន្តរជាតិងាយធ្វើដំណើរមកកាន់ខេត្តកោះកុង ដោយសារយើងមានទាំងការដឹកជញ្ជូនទាំងតាមអាកាស លើគោក និងទឹកផង។ ខេត្តកោះកុងមានសក្តានុពលច្រើនដូចជាធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ មានទាំងផ្លូវជាតិលេខ៤៨ ដែលកសាងបានជាង៧០ភាគរយហើយ ផ្លូវជាតិលេខ១០ដែលតភ្ជាប់ពីខេត្តកោះកុងទៅកាន់ពោធិ៍សាត់ បាត់ដំបង និងពិសេសអាចតភ្ជាប់ទៅកាន់ខេត្តសៀមរាបទៀតផង។ ទឹកដីខេត្តកោះកុងមានសល់ដីច្រើនធំធេងសម្រាប់ការវិនិយោគ ហើយសង្ឃឹមថាតាមរយៈការតភ្ជាប់ផ្លូវថ្មីៗបន្ថែមទៀតនេះនឹងក្លាយជាទីចាប់អារម្មណ៍វិនិយោគនៅខេត្តដ៏ស្រស់ស្អាតមួយនេះជាក់ជាពុំខាន។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Coastal Airport Investment។ ក្នុងដំណាក់កាលទី១ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារ។ តាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតារាសាគរ រយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការហោះហើរជាលក្ខណៈពាណិជ្ជកម្មក្នុងស្រុក និងអន្តរជាតិពេញលេញ)៕ ដោយ៖ ដេប៉ូ AKP