លោក សិម សុរិន្ទ នាយកសាលាមធ្យមសិក្សាហ្ស៊ី វ៉េ ស៉េ (JVC) បានមានប្រសាសន៍ថា អ្នកជំនាញបច្ចេកទេសឩស្សាហកម្មយានយន្តបានជំរុញឲ្យវិស័យឯកជនវិនិយោគលើជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអាច ឆ្លើយតបតាម តម្រូវការទីផ្សារ ការងារហើយ បច្ចុប្បន្ននេះ ការ វិនិយោគផ្នែកយានដ្ឋាននៅរាជធានីភ្នំពេញនិងការហូចូលក្រុមហ៊ុនទំនើបៗមកពីប្រទេសជប៉ុនមានចំនួនកាន់តែច្រើនឡើងៗហើយកម្ពុជាគួរតែជំរុញឲ្យវិស័យឯកជនវិនិយោគលើជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យបានច្រើន ដើម្បីអាចឆ្លើយតបតាម តម្រូវការទីផ្សារការ ងារនិង សភាគារវិនិយោគពីក្រៅប្រទេស។
លោកបានលើកឡើងទៀតថាការផលិតកម្លាំងពលកម្មជំនាញបច្ចេកទេសនៅមានកម្រិតនៅឡើយដែលនាំឲ្យកម្ពុជាជួបបញ្ហាប្រឈមជាច្រើន ហើយកិច្ចការនេះតម្រូវឲ្យមានការវិនិយោគពីឯកជនបង្កើតសាលាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការទីផ្សារកំពុងតែមានស្រាប់ សម្រាប់ សាលាបច្ចេកទេស ហ្ស៊ី វ៉េ ស៉េ (JVC) បានផលិតនិស្សិតជំនាញបច្ចេកទេសបានត្រឹមតែ១០០ នាក់ប៉ុណ្ណោះ ក្នុងមួយឆ្នាំហើយជំនាញនេះពិតជាមានតម្រូវការច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
លើសពីនេះលោកបានបន្ថែមថា ជំនាញបច្ចេកទេសគឺជាជំនាញមួយដែលទីផ្សារកំពុងតែមានតម្រូវការខ្ពស់ ហើយបច្ចុប្បន្ននេះលោកកំពុងតែជំរុញការផលិតជំនាញនេះឲ្យបានច្រើនផងដែរ។
សម្រាប់លោក ឱ សំអាន គ្រូជំនាញបច្ចេកទេសនិងធ្លាប់បង្រៀនជំនាញនេះដែរបានបញ្ជាក់ថា ប្រទេសកម្ពុជាមានទីផ្សារធំ និងតម្រូវការរថយន្តក៏មានច្រើន ដែលជំនាញបច្ចេកទេសគឺមានសារៈសំខាន់ណាស់ ក្នុងការប្រកបអាជីវកម្មនិងបង្កើតការងារដល់យុវជនកម្ពុជា។
លោកបានបន្ថែមថា ការវិនិយោគពីក្រៅប្រទេសផ្នែករថយន្តទំនើបៗមានសន្ទុះកើនឡើង ខ្លាំងផងដែរ ប៉ុន្តែបញ្ហាសំខាន់ ការផលិតពលកម្មជំនាញផ្នែកបច្ចេកទេសមិនទាន់អាចបំពេញតាមសេចក្តីត្រូវការរបស់អ្នកវិនិយោគនៅឡើយ ។
យោងតាមនាយកដ្ឋានព័ត៌មាន និងទីផ្សារការងារបានបង្ហាញថា ថ្មីៗនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានការឯកជនភាពនូវគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧ និងឆ្នាំ២០២៥ ដែលនឹងជំរុញឲ្យការបណ្តុះបណ្តាលឲ្យឆ្លើយតបទីផ្សារការងារ។
កន្លងទៅរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសជម្រុញការបណ្តុះបណ្តាលកម្មករជំនាញ ឆ្លើយតបនិងអ្នកវិនិយោគពីក្រៅប្រទេសផងដែរ៕