សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាជំរុញឲ្យកសិករនៅកម្ពុជាបង្កើនការដាំដុះដំណាំសណ្តែកផ្កាយដើម្បីផ្គត់ផ្គង់ដល់ក្រុមហ៊ុនសម្រាប់ប្រមូលទិញកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកបណ្ឌិត ឃី លាង ប្រធានសហគន៍អភិវឌ្ឍកសិកម្មកម្ពុជានិងជាអគ្គនាយកក្រុមហ៊ុនអូមេកា៣បានថ្លែងថា សហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាកំពុងតែជំរុញឲ្យកសិករនៅតាមសហគមន៍ដាំដុះឲ្យបានច្រើនដើម្បីឆ្លើយតបតាមតម្រូវការីផ្សារនាំចេញទៅកាន់ទីផ្សារអន្តរជាតិហើយឆ្នាំ២០១៨នេះតាមផែនការនឹងជំរុញឲ្យផ្ទៃដីដាំដុះឲ្យបាន៤ម៉ឺនហិកតា។
លោកបណ្ឌិតបន្តទៀតថា បច្ចុប្បន្ននេះកសិករអ្នកដាំដុះសណ្តែកផ្កាយមិនបារម្ភរឿងទីផ្សារនោះទេហើយចំពោះតម្លៃវិញក្រុមហ៊ុននិងសហគមន៍អភិវឌ្ឍន៍កសិកម្មមានកិច្ចសន្យាជាមួយកសិករនឹងទិញក្នុងតម្លៃថេររហូតដល់ឆ្នាំ២០២០ក្នុងតម្លៃ ៧ពាន់រៀលក្នុងគីឡូក្រាមសម្រាប់គ្រាប់សណ្តែកផ្កាយ។
ប្រធានសហគមន៍ខាងលើលើកឡើងថា ចំពោះសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជាមានផែនការច្បាស់លាស់ក្នុងការសផ្វះស្វែងនិងរកទីផ្សារដល់កសិករខ្មែរមិនត្រឹមតែផលិតផលសណ្តែកផ្កាយនោះទេ ហើយបច្ចុប្បន្ននេះទីផ្សារនាំចេញធំមាននៅប្រទេសចិន កូរ៉េ ថៃ វៀតណាមនិងប្រទេសជប៉ុន។
លោកបានបន្ថែមទៀតថា ចំពោះដំណាំសណ្តែកផ្កាយជាដំណាំមួយមានសក្តានុពលខ្លាំងណាស់សម្បូរទៅដោយអាស៊ីតអាមីណូ ហើយតាមផែនការសហគមន៍នឹងបង្កើនការផលិតផលនូវផលិតផលជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលដាំដុះចេញពីកសិកម្ម។
ដោយសារសណ្តែកផ្កាយសម្បូរទៅដោយអាស៊ីតអាមីណូ វីតាមីន A និង E ព្រមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣ , ៦ និង ៩ ដូចច្នោះគេនិយមយកវាទៅកែច្នៃជាគ្រឿងសម្អាងនិងឪសថ ដែលជាកត្តាធ្វើឲ្យការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការទីផ្សារ ។
បច្ចុប្បន្នតម្រូវការទីផ្សារគឺ៤០០០០តោនក្នុងមួយឆ្នាំនិងមិនអាចផ្តល់ដល់ទីផ្សារបាន ទើបយើងបំផុសឱ្យប្រជាជនដាំ ហើយសណ្តែកផ្កាយដែលដាំបាន សហគមន៍នឹងនាំចេញទៅក្រៅប្រទេសផង និងមួយចំនួនផលិតនៅក្នុងស្រុកផង មិនឱ្យប្រជាជនពិបាកក្នុងការរកទីផ្សារឡើយ។
លោកក៏បានបញ្ជាក់ថា ដើម្បីឱ្យផលិតផលរបស់យើងនាំចេញទៅកាន់ទីផ្សារអន្តរជាតិបាន ត្រូវមាន៣ចំណុចសំខាន់ គឺទី១ រួមគ្នាធ្វើជាបណ្តុំសហគមន៍និងសហករ ទី២ ទិន្នន័យជាក់លាក់ ទី៣ ដាំតាមបច្ចេកវិទ្យាសរីរាង្គនិងសុវត្ថិភាព ដែលជាតម្រូវការរបស់អង្គការសុខភាពពិភពលោក។
សណ្តែកផ្កាយជាដំណាំម្យ៉ាងមកពីតំបន់ត្រូពិចអាម៉ាហ្សូនប្រទេសពេរ៉ូ ដែលបានរកឃើញដោយអ្នកវិទ្យាសាស្ត្រ និងទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ។