ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជាប្រកាសប្រើប្រាស់App«Kingdom of wonder»លើកដំបូងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍នានាកាន់តែខ្លាំង

កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីលើកដំបូងដែលមានឈ្មោះថា «Kingdom of wonder» ដើម្បីផ្សព្វផ្សាយពីគោលដៅទេស​​​​ចរណ៍របស់ខ្លួន តាមប្រព័ន្ធឌីជីថល ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក កាន់តែខ្លាំងក្លាថែមទៀត។

ការប្រកាសដាក់ឱ្យប្រើប្រាស់ App ថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទ «Kingdom ​of wonder» នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីបង្កើនការយល់ដឹងនិងចែករំលែកបទពិសោធន៍ដល់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ស្តីពីការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ក៏ដូចជាការប្រែក្លាយសេវាកម្មនានាក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញនិងមានប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការថ្មីនៃសាកលលោក នាយុគសម័យបដិវត្តឧស្សាហកម្ម ៤.០។

លោក ​គុជ បញ្ញាសា បានមានប្រសាសន៍​​បញ្ជាក់ថា និន្នាការនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលទទួលបានការពេញនិយមកាន់តែច្រើនពីសំណាក់ប្រជាជន ក៏ដូចជាទេសចរជុំវិញពិភពលោក ដោយគិតត្រឹមឆ្នាំ២០១៨ មានអ្នកប្រើប្រាស់រហូតដល់ ៤.១ពាន់លាននាក់ ក្នុងនោះ Facebookមានអ្នកប្រើប្រាស់ចំនួន ២.៣២ពាន់លាននាក់ និង YouTube មានអ្នកប្រើប្រាស់ចំនួន ១.៨ពាន់លាននាក់។

លោក​បានមានប្រសាសន៍បន្ថែមថា ​​ ក្រសួងទេសចរណ៍កម្ពុជារៀបចំឱ្យមានកម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» នេះឡើង ដើម្បីដាក់ឱ្យទេសចរជាតិ-អន្តរជាតិទាញយក (Download)ក្នុងប្រព័ន្ធប្រតិបត្តិការ IOS (App Store) និងក្នុងប្រព័ន្ធប្រតិបត្តិការ Android (Play Store)ដោយឥតគិតថ្លៃ។

កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ«Kingdom of Wonder»គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមានគោលដៅទេសចរណ៍ព្រឹត្តិការណ៍ទេសចរណ៍ផែនទីទេសចរណ៍ជើងហោះហើរអាកាសធាតុ ភោជនីយ​​ដ្ឋានកន្លែងស្នាក់នៅមធ្យោបាយ​ធ្វើដំណើរក្នុងស្រុកនិងព័ត៌មាន​សំខាន់ៗដទៃ​ទៀត​​ដែលផ្តល់ភាព​ងាយស្រួល ក្នុងការស្វែងរកព័ត៌មាន និងគ្រប់ជ្រុងជ្រោយសម្រាប់ភ្ញៀវទេសចរ ដែលមានបំណងទស្សនាកម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

លោកអនុរដ្ឋលេខាធិការបានស្នើភាគីពាក់ព័ន្ធ ក៏ដូចជាផ្នែក ឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វ​​​ផ្សាយ​​​​ដល់បណ្តាញ និងអតិថិជនរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយនិងត្រៀមខ្លួនចាប់យកឱកាសទាញ​​​​យកប្រយោជន៍​ពីប្រព័ន្ធឌីជីថលឱ្យ​បានច្រើន​តាមដែល​អាចធ្វើ​បានជាពិសេ​ស​ប្រែក្លាយ​សេវាកម្មក្នុងអាជីវកម្មរបស់ខ្លួន ឱ្យស្របតាមនិន្នាការថ្មីនៃសាកលលោក។

តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃខាងលើក្រសួងទេសចរណ៍សង្ឃឹមថា ទេសចរជាតិ-អន្តរជាតិ និងក្រុមហ៊ុនទេសចរណ៍ទាំងអស់មានភាពងាយស្រួល ក្នុងការស្វែងរកពត៌មានទេសចរណ៍ ដើម្បីសម្រេចនូវកំណើនទេសចរអន្តរជាតិ ៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ និងជាង៧លាននាក់ នៅឆ្នាំ២០២០៕