ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋវិទូជំរុញឲ្យពង្រឹងចំណេះដឹងជំនាញក្នុងវិស័យឧស្សាហ៍កម្មកាត់ដេរកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI)បានមានប្រសាសន៍ឲ្យដឹងថា យន្តការដែលត្រូវធ្វើ គឺកម្ពុជាត្រូវតែពង្រឹងចំណេះដឹងជំនាញក្នុងវិស័យឧស្សហ៍កម្មកាត់ដេរ បូករួមជាមួយនឹងបច្ចេកវិទ្យា ដើម្បីឲ្យផលិតភាពការងារកាន់តែខ្ពស់ នឹងអាចប្រកួតប្រជែងជាមួយនិងប្រទេសជិតខាងបាន។

លោកបណ្ឌិត បានពន្យល់ថា មធ្យោបាយដែលត្រូវធ្វើចាប់ពីពេលនេះទៅមានច្រើន ហើយមិនអាចបង្ខំអ្នកវិនិយោគទាំងស្រុងនោះទេ ត្រូវមានយន្តការដោះស្រាយរួម ដើម្បីកុំឲ្យវិស័យកាត់ដេរជួបបញ្ហាក្ស័យធនធ្វើឲ្យអ្នករកស៊ីខាតបង់ ហើយរដ្ឋាភិបាលក៏ខាងបង់ផងដែរ។

លោក ម៉ី កល្យាណ បញ្ជាក់ថា វិស័យកាត់ដេរចាប់ពីពេលនេះទៅត្រូវរៀបចំខ្លួនឲ្យហើយថា វិស័យនេះ នឹងមានការប្រែប្រួលទៅថ្ងៃក្រោយ ដែលនឹងធ្វើឲ្យតម្លៃប្រាក់ឈ្នួលកាន់តែមានតម្លៃបន្ថែមទៀត ។ ម៉្យាងទៀតការពង្រឹងជំនាញគឺជាភាពចាំបាច់ ដើម្បី ឲ្យផលិតភាពនិងអាចប្រជែងនិងទីផ្សារខាងក្រៅបាន។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជាបានថ្លែងថា តាមការស្ទង់មតិជាមួយនិងរោងចក្រជាសមាជិករបស់សមាគមរោងចក្រកាត់ដេរកម្ពុជារយៈពេល៣ខែឆ្នាំ២០១៩នេះ ស្ថានភាពនៃការបញ្ជាទិញនិងផលិតកម្មក្នុងរោងចក្រមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ពោលគឺទទួលបានការបញ្ជាទិញគ្រប់គ្រាន់ដែលស្ថានភាពនេះនឹងបន្តរហូតដល់ដំណាច់ឆ្នំានេះ។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះមានរោងចក្រថ្មីចំនួន១០ រោងកច្រជាការវិនិយោគមកពីប្រទេសចិននិងរោងចក្រ៥ទៀតជារោងចក្រចាស់ដែលបានបិទហើយបើកដំណើរការវិញ ហើយកម្ពុជាកំពុងតែទទួលបានលំហូររោងចក្រថ្មីៗមកពីប្រទេសចិនបន្ថែមទៀត។

សមាគមរោងកច្រកាត់ដេរកម្ពុជាបានចាត់ទុកថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិនគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការជំរុញឲ្យវិនិយោគិនមកពីប្រទេសចិនមានឱកាសមកវិនិយោគកាន់តែច្រើនក្នុងវិស័យឧស្សាហ៍កម្មកាត់ដេរកម្ពុជាបន្ថែមទៀត។

សូមបញ្ជាក់ថា សម្រាប់វិស័យរោងចក្រកាត់ដេរកម្ពុជាឆ្នាំ២០១៧ និងឆ្នាំ២០១៩ នឹងធ្វើឲ្យសហគមន៍អន្តរជាតិមានទំនុកចិត្តលើផលិតកម្មរោងចក្រកាត់ដេរនៅកម្ពុជា ដោយសារតែមានផលិតភាពខ្ពស់ជាងមុន ហើយទោះបីជាប្រទេសវៀតណាម ជាដៃគួរប្រកួតជាមួយកម្ពុជាបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហគមអឺរ៉ុបក៏ដូចជាកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិចក៏ដោយ ៕