លោក ប៉ាន ចំណាន សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ Brother Real Estate បានមានប្រសាសន៍ថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយចំនួនចាប់ផ្តើមរួមនិងក្រុមហ៊ុនលោកចាប់ផ្តើមងាកមកវិនិយោគនៅភាគខាងត្បូងនៃរាជធានីភ្នំពេញដែលមានផ្លូវយុទ្ធសាស្រ្តជាច្រើនខ្សែរដូចជា ផ្លូវសម្តេចតេជោ ផ្លូវជាតិលេខ ២១ A រាប់ចាប់ពីក្រោមស្ពានតាខ្មៅទៅវត្តឈូកលាប ចំណុចពិសេសទាំងនោះគឺ ដងស៊ីតេប្រជាជននៅក្នុងស្រុកស្អាង ខេត្តកណ្តាលមានប្រមាណ២២ ម៉ឺននាក់។
លោកមានប្រសាសន៍បន្តទៀតថា ក្រុមហ៊ុនលោកបានចាប់ជ្រើសយកទីតាំងនៅផ្លូវជាតិលេខ២១ A នេះគឺ វិនិយោគមុនគេនិងបានសង់សំណង់នៅលើផ្ទៃដីជាង ៣ ហិកតាសម្រាប់ផ្ទះល្វែងបែបទំនើប វីឡាកូនកាត់ និងរមណីយដ្ឋានកែច្នៃប្រណិតៗ សម្រាប់បម្រើតាមតម្រូវការរបស់ប្រជាជនទៅលេងកម្សាន្ត ។ ហើយការវិនិយោគនៅតំបន់នេះបានជំរុញឲ្យតម្លៃអចលនទ្រព្យមានសន្ទុះឡើងខ្ពស់ផងដែរ។
អ្នកជំនាញខាងលើបន្ថែមថា ចំពោះអ្វីដែលអ្នកវិនិយោគចង់បានគឺ កត្តាសន្តិភាព ទើបជំរុញឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងលឿនដល់សព្វថ្ងៃនេះ ។
ចំណែកប្រជាពលរដ្ឋរស់នៅស្រុកស្អាង ខេត្តកណ្តាលវិញបានលើកឡើងថា ការហូរចូលអ្នកវិនិយោគមកអភិវឌ្ឍន៍តំបន់នេះបានផ្តល់ភាពងាយស្រួលដល់អ្នកចង់បានលំនៅឋានដែលមានតម្លៃសមរម្យហើយស្របពេលដែលការរីកចម្រើនសេដ្ឋកិច្ចនៅមូលដ្ឋារបស់ពួកគាត់ កំពុងតែរីកចម្រើនច្រើន។
ទោះយ៉ាងណា លោកប៉ាន ចំណាន សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យBrother Real Estate បានលើកឡើងទៀតថា ក្រុមហ៊ុនលោកក៏មានផែនការវិនិយោគនៅតំបន់ផ្លូវជាតិលេខ៣ នេះបន្តទៀតលើសវិស័យអចលនទ្រព្យ ហើយគម្រោងផ្សេងៗទៀតនឹងមានជាបន្តបន្ទាប់ ក្រោយពីគម្រោងផ្ទះស្វែងកូនកាត់និងសួនកម្សាន្តនេះទទួលបានជោគជ័យនៅលើទីផ្សារនាពេលខាងមុខនេះ។
អ្នកជំនាញអចលនទ្រព្យនៅតែមានសុទិដ្ឋិនិយមថា ស្ថានភាពអចលនទ្រព្យនៅពាក់កណ្តាលឆ្នាំ២០១៨ នេះនៅមានតែមានភាពល្អប្រសើរ ហើយ អ្វីដែលពិសេស ក្រុមអ្នកវិនិយោគទុនពីក្រៅប្រទេសមិនបញ្ឈប់ការបោះទុនវិនិយោគសាងសង់សំណង់និងអគារនោះទេ។
ចំណែកកម្ពុជាវិញបានចំណាយទឹកប្រាក់ប្រមាណ៣០លានដុល្លារក្នុង១ឆ្នាំលើការនាំចូលសូត្រពី បរទេស ។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាអ្នកផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រនៅកម្ពុជាលើកឡើងថា កម្ពុជាត្រូវចំណាយទឹកប្រាក់ប្រមាណជាង៣០លានដុល្លារ ក្នុង១ឆ្នាំៗលើការទិញសូត្របរិមាណជាង៤០០តោនពីក្រៅប្រទេស ហើយវិស័យផលិតសូត្រនៅកម្ពុជាមានសក្តានុពលច្រើននាពេលនេះ ខណៈដែលបច្ចុប្បន្នកម្ពុជាអាចផលិតបានត្រឹមតែ១% នៃតំរូវការទីផ្សារសរុប។
លោកបានបន្តទៀតថា ការផលិតសូត្រទទួលបានប្រាក់ចំណូលខ្ពស់បើធៀបនឹងការប្រកបរបរកសិកម្មមួយចំនួន។ ក្នុងនោះ ការផលិតសូត្រគឺទទួលបានប្រាក់ចំណូល ចន្លោះពី៣ពាន់ដុល្លារទៅ៥ពាន់ដុល្លារក្នុង១ឆ្នាំ លើផ្ទៃដីដាំស្លឹកមន១ហិកតា។
សម្រាប់ លោកស្រី សេង តក្កនារី នាយិកាក្រុមហ៊ុន សន្តុសាសៀល បានថ្លែងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន សន្តុសាសៀលនៅតែមានមហិច្ចតានាំចេញផលិតផលសូត្រខ្មែរទៅប្រទេសជាច្រើនទៀត ហើយ កន្លងមកបាននាំទៅអឺរ៉ុប អ៊ីតាលី ជប៉ុន អាមេរិក អង់គ្លេស និងប្រទេសអូស្រ្តាលីជាដើម។
លោកស្រីបានបន្តទៀតថា បច្ចុប្បន្ននេះ ការកែច្នៃសូត្រខ្មែរជួបបញ្ហាប្រឈមច្រើនទាមទារឲ្យមានការអត់ធ្មត់ និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុនក៏មានផែនការវិនិយោគដាំដើមមននៅខេត្តចំនួនពីរគឺ នៅខត្តកណ្តាល និងខេត្តកំពង់ឆ្នាំង ។
លោកស្រីបានបញ្ជាក់ទៀតថា តាមផែនការក្រុមហ៊ុននៅតែមានផែនការវិនិយោគឲ្យបានច្រើន និងចិញ្ចឹមដង្កូវនាង ដើម្បីបង្កើនកាកែច្នៃសូត្រប្រណិតឈានដល់ការនាំចេញឲ្យបានច្រើន ។
តាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតផលសូត្រ ជាលើកដំបូងនៅកម្ពុជា រំពឹងថា កម្ពុជានឹងអាចផលិតសូត្របានសម្រាប់បំពេញតំរូវការក្នុងប្រទេសក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ មុននឹងការផលិតដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានបង្ហាញថា ការផលិតវត្ថុធាតុដើមពីសរសៃសូត្រក្នុង១ឆ្នាំ ក្នុងពិភពលោកគិតជាមធ្យមមានបរិមាណ៨ម៉ឺនតោន ក្នុងនោះការផលិតនៅប្រទេសចិន មានចំណែកដល់ទៅជាង៧០%នៃការផលិតសរុបទូទាំងពិភពលោក៕