ភ្នំពេញ៖ មន្ត្រីជនខ្ពស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ការវិភាគម៉ាក្រូសេដ្ឋកិច្ច និងអតិផរណា ការពង្រីកផលិតផលហិរញ្ញវត្ថុ និងការផ្សារភ្ជាប់ទីផ្សារអន្តរធនាគារ ជាការលើកកម្ពស់មុខងារទីផ្សារការប្រើប្រាស់ធនធាននិងធ្វើឲ្យប្រព័ន្ធធនាគារឱ្យកាន់តែមានប្រសិទ្ធភាព ។
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងនៅក្នុងសិក្ខាសាលា បិទកម្មវិធី(ភាពជាដៃគូផ្តល់ចំណេះដឹង រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលប្រទេសកូរ៉េ សម្រាប់ការស្រាវជ្រាវរួមគ្នា)លើប្រធានបទ (ការអភិវឌ្ឍន៍ទីផ្សារអន្តរជាតិរួមគ្នានៅកម្ពុជា) នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោកស្រីនាវ ច័ន្ទថាណា បញ្ជាក់ថា កិច្ចសហការរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ធនាគារកណ្តាលនៃប្រទេសទាំងពីរ ទទួលបានលទ្ធផលជាផ្លែផ្កាដូចជា គំរូសម្រាប់ការព្យាករណ៍ ការវិភាគជាក់ស្តែង ស្តីពីទំនាក់ទំនងរវាងអត្រាប្តូរប្រាក់អតិផរណា និងទំនាក់ទំនងម៉ាក្រូហិរញ្ញវត្ថុ។
លោកស្រីបន្តទៀតថា ការអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះផលិតផលហិរញ្ញវត្ថុកាន់តែទូលំទូលាយ ក្នុងការភ្ជាប់ទីផ្សារអន្តរធនាគារ។ ការលើកកម្ពស់មុខងារទីផ្សារកាន់តែប្រសើរ និងការប្រើប្រាស់ធនធានកាន់តែប្រសើរឡើង ។ ចំណែកនៅក្នុងប្រព័ន្ធធនាគារកាន់តែមានប្រសិទ្ធភាព ក្នុងការជំរុញថ្លៃដើម នៃការផ្តល់មូលនិធិឱ្យមានតម្លៃថោក និងទទួលបានស្ថេរភាពតម្លៃសមរម្យ ការវិភាគលើអតិផរណា និងអតិផរណាម៉ាក្រូតែមួយជាដើម ។
លោក គី ស៊ុនចាង (Kee Sun Jang) អគ្គនាយករង នៃកម្មវិធីភាពជាដៃគូផ្នែកចំណេះដឹង បានឲ្យដឹងថា ចាប់តាំងពីការបង្កើតឡើងវិញនូវទំនាក់ទំនងការទូត ក្នុងឆ្នាំ ១៩៩៧ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងកម្ពុជា និងកូរ៉េ មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។
បច្ចុប្បន្នប្រទេសកូរ៉េខាងត្បូង បានជាប់ជាអ្នកវិនិយោគិនធំ លំដាប់ទី២ នៅកម្ពុជាបន្ទាប់ពីប្រទេសចិន។ ក្នុងនោះទាក់ទងនឹងការវិនិយោគបានកើនឡើងក្នុងទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សរុបប្រមាណ ៨៦០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ។ ក្រៅពីការវិនិយោគប្រទេសកូរ៉េជាប់ចំណាត់ថ្នាក់ទី៣ នៃចំនួនភ្ញៀវទេសចរ មកទស្សនាប្រទេសកម្ពុជា និងមានចំនួន ៨ ភាគរយនៃចំនួនភ្ញៀវទេសចរសរុបផងដែរ ៕