ស្ទឹងត្រែង៖ លោកវេង សាខុន បានអញ្ជើញសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែ ចេកស្រស់របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ទៅកាន់ទីផ្សារប្រទេសចិន។ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ។
លោកង្វៀង ក្វានអាន អគ្គនាយក និងជាតំណាងក្រុមហ៊ុនទាំង៤ បានឲ្យដឹងថា ក្រុមហ៊ុនកំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហិកតា ក្នុងនោះបានដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង ៧ពាន់ហិកតា ក្នុងនោះជាង ៣ពាន់ហិកតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង ៤០០ លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធទឹក រៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន ៨ ដែលបានចែកចេញជា២ ស្តង់ ដាគឺចិន និងជប៉ុន។
បច្ចុប្បន្ន ក្រុមហ៊ុនមានរោងចក្រវេចខ្ចប់ ១០ ដែលមានសមត្ថភាពផលិតបាន ២៥ ម៉ឺនតោនក្នុង១ឆ្នាំ ។ លោកអគ្គនាយកបានសម្តែងនូវសុទិដ្ឋិនិយមថានៅឆ្នាំ២០២០ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឲ្យបាន ៥០០ពាន់តោនក្នុង១ឆ្នាំ ក្រៅពីនេះ នៅមានផលដំណាំស្វាយ ក្រូចថ្លុង ស្រកានាគ និងខ្មុរ ដែលត្រូវការកំលាំង ពលកម្មក្នុងស្រុកជាង ១៥ពាន់នាក់។
លោកអគ្គនាយកលោកង្វៀង ក្វានអាន បានបន្ថែមថា ក្រៅពីការងារអាជីវកម្មដែលជាកម្មវត្ថុចំបងនៃការវិនិយោគ ក្រុមហ៊ុនក៏គិតគូយកចិត្តទុកដាក់ផងដែរលើការងារសង្គម សុខភាព ការអប់រំ លំនៅឋានជូនបុគ្គលិក កម្មករផងដែរ ។
លោកងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់អំពីដំណើរការនៃការចរចារ នីតិវិធី បែបបទ ឯក សារចាំបាច់សំខាន់ៗទាំងច្បាប់ និងបច្ចេកទេស ជាពិសេសឯកសារអនាម័យ និងភូតគាមអនាម័យជាមួយភាគីចិនមុនឈានទៅចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ស្តីពីការនាំចេកស្រស់ចេញជាមួយអគ្គនាយកដ្ឋានគយនៃសាធាមរណ:រដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៩ ដែលទទួលបានការអនុញ្ញាតឲ្យនាំ ចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារចិន។
លោករដ្ឋមន្រ្តីបានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារ និងជំនះបាននូវរាល់បញ្ហាប្រឈមនានារហូតសម្រេចបានជោគជ័យដែលស្តែងចេញឲ្យឃើញនូវសមិទ្ធផលដូចយើងបានទទួលនាថ្ងៃនេះ។
លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណជូនចំពោះរដ្ឋា ភិបាលចិន តាមរយ:អគ្គនាយកដ្ឋានគយនៃសាធារណ:រដ្ឋប្រជាមានិតចិនដែលបានវាយតម្លៃលើគុណភាព ចេកកម្ពុជា និងបានអនុញ្ញាតឲ្យក្រុមហ៊ុនទាំង៤ អាចនាំចេញផ្លែចេកស្រស់ទៅកាន់ ទីផ្សារចិនបន្ថែមទៀត ។ ព្រមជា មួយគ្នានេះ ក្រុមហ៊ុនក៏ត្រូវបង្កើនការយកចិត្តទុកដាក់លើស្ថានភាពជីវភាព និងសុខភាពរបស់បងប្អូនបុគ្គលិក កម្មករឲ្យបានល្អប្រសើរ ។ ចំពោះអគ្គនាយកដ្ឋានកសិកម្មត្រូវយក ចិត្តទុកដាក់ក្នុងការផ្តល់វិញ្ញាបនបត្រ SPS ជូនក្រុមហ៊ុនឲ្យបានទាន់ពេលវេលា ជៀសវាងមានការយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ ៕