ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានផ្តល់នូវការបកស្រាយ ៥ចំណុច ជុំវិញបញ្ហាភ្លើង ដាច់ព្រឹក ដាច់ល្ងាច តែបែរជាគីឡូ កើនឡើងខុសធម្មតា។ ប៉ុន្តែការបកស្រាយទាំងនោះ ត្រូវបានប្រជាពលរដ្ឋ យល់ថា ជាបញ្ហាបច្ចេកទេសស្មុគ្រស្មាញ ដែលប្រជាពលរដ្ឋសាមញ្ញ ពិបាកនឹងផ្ទៀងផ្ទាត់ ដើម្បីងាយយល់ណាស់។
អាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងនូវ ៥ ចំណុច រួមមាន៖
1. អគ្គិសនី ដែលផ្តល់ឲ្យអ្នកប្រើនីមួយៗ វារត់កាត់នាឡិកាអគ្គិសនី ឬជញ្ជីងអគ្គិសនីរបស់អ្នកប្រើ ដើម្បីឲ្យនាឡិកានោះ ធ្វើការវាស់វែង និងកត់ត្រាចំនួនគីឡូ (គវ៉ម៉) ដែលអ្នកផ្គត់ផ្គង់ផ្តល់ឲ្យអ្នកប្រើ រួចទើបយកចំនួននេះ ទៅគុណអត្រាថ្លៃ ដើម្បីគិតថ្លៃអគ្គិសនី។ ដូច្នេះចង់ដឹងថា តើចំនួនទឹកប្រាក់ និងគីឡូអគ្គិសនី ដែលផ្តល់ឲ្យអ្នកប្រើត្រឹមត្រូវ ឬទេនោះ? ចំណុចទី១ គេត្រូវពិនិត្យតើអគ្គិសនី ដែលផ្តល់ឲ្យពិតជាបានរត់កាត់នាឡិកានោះទេ ទី២ តើការវាស់វែងបរិមាណអគ្គិសនីរបស់នាឡិកាត្រឹមត្រូវទេ និងទី៣ តើការកត់លេខយកពីនាឡិកាទៅគិតលុយធ្វើវិក្កយបត្រត្រឹមត្រូវទេ។
2. ដើម្បីពិនិត្យថាតើការវាស់វែងបរិមាណអគ្គិសនីរបស់នាឡិកាត្រឹមត្រូវទេ? ទី១.គេត្រូវពិនិត្យខ្សែប្លុមបេគម្របនាឡិកាពីរោងចក្រផលិត តើមានរបើក ឬដាច់ទេ បើគ្មានរបើកឬដាច់ទេ? គេចាត់ទុកថា គ្មានអ្នកកែឆ្នៃនាឡិកានោះទេ និងទី២.បើគ្មានអ្នកកែឆ្នៃទេ គេត្រូវពិនិត្យផ្ទៀងផ្ទាត់ដំណើរការរបស់វាជាមួយនាឡិកាស្តង់ដារ ថាតើវាដំណើរការវាស់វែង និងកត់ត្រាត្រឹមត្រូវតាមស្តង់ដារកំណត់រឺទេ?។
3. ដើម្បីពិនិត្យថា តើការកត់លេខពីនាឡិកាអគ្គិសនីត្រឹមត្រូវទេ? គេត្រូវពិនិត្យលេខ ដែលដាក់ក្នុងវិក្កយបត្រ ជាមួយលេខក្នុងនាឡិកា ដែលកន្លងទៅមុខបន្តិចនោះ តើលេខទាំង ២ នេះ វាសមស្របជាមួយគ្នាទេ? ។
4.ប្រសិនបើសង្ស័យថា ជញ្ជីងវាស់មិនត្រឹមត្រូវ អ្នកប្រើប្រាស់អគ្គិសនីនៅតំបន់ណាក៏ដោយ អាចបំពេញពាក្យស្នើសុំឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា ដែលជាអាជ្ញាកណ្តាលយកឧបករណ៍ផ្ទៀងផ្ទាត់ទៅផ្ទៀងផ្ទាត់នាឡិកាវាស់អគ្គិសនីនោះមើល តើវាដើរត្រឹមត្រូវទេ។ ការងារនេះ ធ្វើជូនដោយមិនយកកម្រៃទេ។
5.ប្រសិនបើផ្ទៀងផ្ទាត់រួចហើយ អ្នកនោះនៅតែសង្ស័យមិនជឿលើការផ្ទៀងផ្ទាត់របស់អាជ្ញាធរអគ្គិសនីកម្ពុជានេះទេ? អ្នកនោះ អាចទៅទិញនាឡិកាណា ដែលគេយល់ថាត្រឹមត្រូវ ទោះជាទិញពីកន្លែងណា និងប្រទេសណាក៏ដោយ រួចស្នើសុំមកអាជ្ញាធរអគ្គិសនីកម្ពុជា យើងខ្ញុំនឹងពិនិត្យព្រមទាំងអនុញ្ញាតឲ្យដាក់នាឡិការនោះ វាស់ និងកត់ត្រាទន្ទឹមគ្នា ជាមួយនាឡិកាចាស់របស់អ្នកផ្គត់ផ្គង់ ក្នុងរយៈពេល ៣ខែ ដើម្បីផ្ទៀងផ្ទាត់ធ្វើសាក្សីមើលទាំងអស់គ្នា ថាតើនាឡិកាចាស់ ដែលអ្នកផ្គត់ផ្គង់តំបន់នោះ កំពុងប្រើ វាស់ខុសពីនាឡិកា ដែលអ្នកសង្ស័យទិញមកនោះទេ។
អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ថា «បើដាក់វាស់ទន្ទឹមគ្នារួចឃើញថា វាខុសគ្នាមែន យើងខ្ញុំនឹងរកខុសត្រូវជូនអ្នកសង្ស័យនោះភ្លាម។ ដូច្នេះបើចង់បានភាពត្រឹមត្រូវសូមធ្វើតាមនីតិវិធីខាងលើ ប៉ុន្តែបើចង់តែឃើញគីឡូតិច ឬចង់តែឃើញលុយតិច ដោយមិនសំអាងលើជញ្ជីងអគ្គិសនីទេ យើងខ្ញុំជាអាជ្ញាកណ្តាល ពិតជាមិនអាចធ្វើជូនបានទេ ពីព្រោះការទិញលក់អគ្គិសនី ត្រូវតែឈរលើមូលដ្ឋាននៃជញ្ជីងវាស់អគ្គិសនី មិនអាចសំអាងលើការប្រៀបធៀបថា លុយ ឬគីឡូខែនេះ តិច ឬច្រើននោះទេ»។
សូមបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជា មិនមែនជា អគ្គិសនីកម្ពុជា EDC ដែលជាក្រុមហ៊ុនស្វយ័តរបស់រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ និងទទួលលុយពីប្រជាពលរដ្ឋ សព្វថ្ងៃទេ។
យ៉ាងណាក៏ដោយ ការបកស្រាយទាំង ៥ចំណុចខាងលើរបស់អគ្គិសនីកម្ពុជា នៅតែមិនអាចចំលើចម្ងល់របស់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ភ្លើងអគ្គិសនី នាពេលបច្ចុប្បន្ន ដែលចាប់តាំងពីខែមីនាមក ភ្លើងអគ្គិសនី នៅទូទាំងប្រទេស ត្រូវបានកាត់ផ្តាច់ព្រឹកល្ងាចៗ រាល់ថ្ងៃ តែបែរជាវិក័យបត្រប្រចាំខែ ឡើងគីឡូ និងឡើងលុយខុសពីធម្មតាទៅវិញ។ តាមហ្វេសប៊ុក បានបង្ហោះព្រោងព្រាតនូវវិក័យបត្រអគ្គិសនី ដោយមានចម្ងល់សួរគ្នា និងសួរអគ្គិសនីកម្ពុជា EDC ពីបញ្ហានេះ។ តែមិនមានការឆ្លើយតបទេ។
យ៉ាងណាក៏ដោយ អ្នកជំនាញខាងភ្លើងអគ្គិសនី និងអ្នកលេងហ្វេសប៊ុក បានបង្ហោះថា នៅពេលភ្លើងអគ្គិសនីដាច់ យើងត្រូវបិទប៉ារ៉ែតភ្លើង ដើម្បីកុំឲ្យភ្លើងបុក នៅពេលភ្លើងឆេះមកវិញ ព្រោះទី១ កុំឲ្យខូចឧបករណ៍ប្រើប្រាស់ផង និងទី២ ដើម្បីកុំឲ្យកើនគីឡូភ្លើងផង។ ករណីភ្លើងដាច់ញឹក តែគីឡូឡើងនេះ គឺកើតឡើងរហូតកន្លងមក៕