ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុន ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា (JCA) នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
តាមប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថានេះជាលើកទី៤ហើយ ដែលសមាគមជប៉ុន-កម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ដោយបច្ចុប្បន្ននេះ លោកសង្កេតឃើញថាកម្ពុជាបានអភិវឌ្ឍន៍ជឿនលឿនជាងមុនលើការវិនិយោគពីបណ្តាប្រទេសនានា ក្នុងនោះក៏មានជប៉ុនផងដែរ។ លោកបានបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការវិនិយោគពីក្រុមហ៊ុននានារបស់ប្រទេសជប៉ុននៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រតិភូ JCA មកកាន់ប្រទេសកម្ពុជា ហើយលោកបានចាត់ទុកថានេះជាពេលវេលាដែលខុសប្លែកពីទស្សនកិច្ចលើកមុនហើយក៏ជាទស្សនកិច្ចដែលប្រកបដោយឱកាសជាច្រើន សម្រាប់សមាគ...








