អាជ្ញាធរមូលដ្ឋានបកស្រាយខ្លឹមសារលិខិតរបស់សាលាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានតាមចិត្ត ជនបំពាននៅតែបន្តសកម្មភាព
បាត់ដំបង៖ អាជ្ញាធរមូលដ្ឋាន នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បន្តបកស្រាយបញ្ច្រាស់គ្នាអំពីខ្លឹមសាររួមក្នុងស្មារតីប្រជុំ និងសេចក្តីជូនដំណឹងរបស់សាលាស្រុក ខណៈជនបំពាននៅតែបន្តសកម្មភាពរំលោភ។
ទង្វើបំពាននេះកើតឡើងបន្តទៀត នាព្រឹកថ្ងៃទី១២ និងព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារបុរសម្នាក់បានធ្វើសកម្មភាពភ្ជួររាស់ឈូសឆាយលើដីជាកម្មសិទ្ធិក្រុមហ៊ុន អេហ្រ្គីខ័លឈ័រ ហ្រ្គីន ហ្វៀល នៅត្រង់ចំណុចប្លុកតាសេក ស្ដិតនៅក្នុងឃុំដូនបា ស្រុកគាស់ក្រឡា ខេត្តបាត់ដំបង ដែលកំពុងមានទំនាស់ និងមិនទាន់ដោះស្រាយចប់សព្វគ្រប់។
នាសាលប្រជុំរបស់សាលាស្រុក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ បានដឹកនាំប្រជុំពិភាក្សារកដំណោះស្រាយករណីវិវាទដីធ្លីរវាងម្ចាស់ដី និងអ្នកទន្ទ្រានចូលកាន់កាប់ដី នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកបានសម្តែងការគាំទ្រគោលជំហរបស់ភាគីតំណាងក្រុមហ៊ុន ក...







