លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួប ជាមួយ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិថ្មី
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ទទួលជួប លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៧ ដើម្បីសំដែងការគួរសម ពិភាក្សាការងារ និងជម្រាប លា ទៅបំពេញភារកិច្ចថ្មីនៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី។
លោករដ្ឋមន្រ្តីបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះ លោកបណ្ឌិត កៅ គឹមហួន ព្រមទាំងសហការីទាំងអស់ សម្រាប់ការចំណាយពេលដ៏មានតម្លៃអញ្ជើញមកទីស្តីការក្រសួងពាណិជ្ជកម្មនាឱកាសដែលោកបណ្ឌិត នឹងទៅបំពេញភារកិច្ចថ្មី ជាអគ្គលេខាធិការអាស៊ាន នាពេលខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តីក៏បានសម្តែងនូវការអបអរសាទរ ជូនចំពោះ លោកបណ្ឌិត ដែលត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់នូវទំនុកចិត្តដ៏ខ្ពង់ខ្ពស់ សម្រាប់ដំណែងជាអគ្គលេខាធិការអាស៊ាន ប្រកបដោយកិត្តិយស ក្នុងនាមព្រះរាជាណាចក្រកម្ពុជា និង...








