ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ដឹកនាំប្រតិភូសិក្សាទីផ្សារអង្ករកម្ពុជា នៅទីក្រុង Long Beach រដ្ឋ California ដើម្បីពង្រីកទីផ្សារនៅសហរដ្ឋអាមេរិក
អាមេរិក៖ថ្ងៃទី01 ខែកក្តដា ឆ្នាំ 2026 នាទីក្រុង Long Beach, California៖ បន្ទាប់ពីចូលរួមពិព័រណ៍អាហារ Summer Fancy Food Show 2026 នៅទីក្រុងញូវយ៉ក ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុននាំចេញអង្ករកម្ពុជា បន្តដំណើរទស្សនកិច្ចសិក្សាទីផ្សារអង្ករកម្ពុជា នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក ដោយផ្តោតលើការស្វែងយល់ពីបណ្តាញចែកចាយ និងឱកាសពង្រីកទីផ្សារអង្ករកម្ពុជា ក្នុងសហគមន៍ខ្មែរ និងទីផ្សារអាមេរិកទូលំទូលាយ។
ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចនៅ ផ្សារចតុមុខ របស់ខ្មែរ (Chaktomuk Market) ដែលជាផ្សារមួយមានការផ្គត់ផ្គង់ផលិតផលខ្មែរ និងអាស៊ីជាច្រើនប្រភេទ រួមទាំងអង្ករកម្ពុជា។ ប្រតិភូបានពិនិត្យដោយផ្ទាល់ពីការដាក់តាំងផលិតផល គុណភាពការវេចខ្ចប់ តម្លៃលក់ និងការឆ្លើយតបរបស់អតិថិជនចំពោះអង្ករកម្ពុជា ប្រៀបធៀបជាមួយអង្ករមកពីប្រទេសថៃ និងវៀតណាម។
...








