ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីតាំងប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ក្នុងខេត្តកំពង់ធំ និងកំពង់ចាម
(កំពង់ធំ-កំពង់ចាម)៖ នាថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំសហការីចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ទីតាំងប្រមូលទិញ ស្តុកទុក និងកែច្នៃកសិផលសំខាន់ៗចំនួន ០២ ទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម។
គោលបំណងនៃបេសកកម្មនេះ គឺដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មឱ្យកាន់តែរឹងមាំ ជាពិសេសធានាឱ្យបាននូវសមត្ថភាពស្តុកទុក និងការកែច្នៃកសិផលក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពកសិករ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ទីតាំងទាំង ០២ ដែលឯកឧត្ដមបណ្ឌិតបានចុះពិនិត្យរួមមាន៖
១. សហគ្រាសកែច្នៃស្វាយចន្ទី CSNC Agriculture Co., Ltd: ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាចំណុចយុទ្ធសាស្ត្រក្នុងការប្រម...








