លោក ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដីដែលគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ
«រយៈពេល៤៦ឆ្នាំក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផលធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លាចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំចុងក្រោយ»។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសដែលលោក បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សរុបចំនួនជាង ៤០០នាក់ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
លោកបន្តថា សមិទ្ធផលទាំងនេះបានទាញកម្ពុជាចេញពីគំនរផេះផង់ ចេញពីសោកនាដកម្មឈាមនិងទឹកភ្នែកក្នុងសម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ឱ្យក្លាយជាប្រទេសសម្បូរសប្បាយមិនធ្លាប់ដែលមានពីមុន។ បើត...








