
ស្អែកនេះ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា
តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ និងស្វាមី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីកម្ពុជា ថៃ នឹងពិភាក្សាពីការកំណត់ទិសដៅសកម្មភាព ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងនៅថ្ងៃទី២១ ខែមេសានេះថា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ បន្ទាប់មកលោកជំទាវនាយករដ្ឋមន្ត្រីនឹងមានជំនួប...