ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបអ្នកជិះកង់ផ្សងព្រេង ទីវ តារារិទ្ធិ ដែលបានបញ្ចប់បេសកកម្មជុំវិញពិភពលោកដើម្បីកុមារកម្ពុជា
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក ទីវ តារារិទ្ធិ អ្នកជិះកង់ផ្សងព្រេងឯករាជ្យពីកម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលការលើកទឹកចិត្ត បន្ទាប់ពីលោកបានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជិះកង់ជុំវិញពិភពលោករបស់ខ្លួន។ ជំនួបនេះបានធ្វើឡើងនៅសាលាវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន។
បេសកកម្មដ៏អស្ចារ្យរបស់លោក ទីវ តារារិទ្ធិ ដែលមានរយៈពេល ២ឆ្នាំនេះ គឺក្នុងយុទ្ធនាការ "ជិះកង់ជុំវិញពិភពលោកដើម្បីកុមារកម្ពុជា"។ លោកបានធ្វើដំណើរក្នុងរយៈចម្ងាយផ្លូវសរុប ៦០ ០០០គីឡូម៉ែត្រ ឆ្លងកាត់៤០ប្រទេស ដើម្បីរៃអង្គាសថវិកាសម្រាប់បុព្វហេតុមនុស្សធម៌។ តាមរយៈការខិតខំប្រឹងប្រែងនេះ លោកបានរៃអង្គាសថវិកាបានចំនួន ២៦០,២៤៣.៥៧ ដុល្លារសហរដ្ឋអាមេរិក។
ថវិកាដែលបានពីបេសកកម្មនេះ នឹងត្រូវផ្តល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីឧបត្ថម្ភ និងទ្រទ្រង់ដល់ការពិនិត...








